គិតត្រឹមដំណាច់ឆ្នាំ២០២១ កន្លងទៅនេះ ខណ្ឌសែនសុខ កំពុងក្លាយបណ្តុំដោយគម្រោងបុរីលំនៅឋានដ៏លេចធ្លោមួយ ដែលមានចំណែកដល់ទៅជាង ២០ ភាគរយ នៃការផ្គត់ផ្គង់បុរីលំនៅឋានសរុបនៅរាជាធានីភ្នំពេញ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវទីផ្សារអចលនទ្រព្យ ដែលបានបង្ហាញតាមរយៈគេហៈទំព័រអចលនទ្រព្យ 21 News ។
តាមរយៈការស្រាវជ្រាវខាងលើ បានបញ្ជាក់ថា បុរីលំនៅឋានកាន់តែច្រើនឡើង នឹងជំរុញឱ្យខណ្ឌសែនសុខ មានសកម្មភាពពាណិជ្ជកម្មកាន់តែមមាញឹក ហើយតម្លៃអចលនទ្រព្យកាន់តែមានសក្តានុពលខ្ពស់សម្រាប់ម្ចាស់ទ្រព្យ និងអ្នកវិនិយោគនៅតំបន់នេះ។
ក្នុងនោះដែរ បើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់ក្រុមហ៊ុន Knight Frank ធ្លាប់បានបង្ហាញដែរថា ការផ្គត់ផ្គង់បុរីលំនៅឋានក្នុងខណ្ឌសែនសុខបានកើនដល់ជិត១ម៉ឺន៦ពាន់ខ្នង ឬស្មើនឹង ២២ ភាគរយ នៃការផ្គត់ផ្គង់លំនៅឋាននៅរាជធានីភ្នំពេញសរុប ៧២ ៥៥២ ខ្នង។ ខណ្ឌសែនសុខ មានចំណែកនៃការផ្គត់ផ្គង់លំនៅឋានច្រើនជាងគេនៃខណ្ឌទាំង ១៤ នៅភ្នំពេញ ហើយបន្ទាប់មកគឺខណ្ឌដង្កោ ដែលមានចំណែក ១៦ ភាគរយ។
ខណ្ឌសែនសុខមានសង្កាត់សរុបចំនួន ៦ រួមមាន សង្កាត់ទឹកថ្លា ភ្នំពេញថ្មី ក្រាំងធ្នង់ អូរបែកក្អម ឃ្មួញ និង សង្កាត់គោកឃ្លាំង។ ខណ្ឌនេះជាតំបន់ដែលមានការអភិវឌ្ឍស្ទើគ្រប់ប្រភេទអចលនទ្រព្យ ដែលធ្វើឲ្យតម្លៃដីនៅ សង្កាត់មួយចំនួនមានការកើនឡើងយ៉ាងខ្លាំង។
ដោយឡែក បើតាមយោងតាមទិន្នន័យក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌសែនសុខដែរនោះ ក៏បានបង្ហាញដែរថា ដីដាក់លក់ក្នុងខណ្ឌសែនសុខ អាចមានតម្លៃចាប់ពី ១៥០ ដល់ ៤ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យលើទីតាំងដីស្ថិតនៅបណ្តោយផ្លូវតូច និងធំ៕