ក្រុមហ៊ុន GADOSH មានបំណងនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់១ម៉ឺនតោនក្នុងមួយឆ្នាំ ដើម្បីចាក់បំពេញតម្រូវការទីផ្សារកូរ៉េ។ នេះបើតាមលោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។
ក្នុងជំនួបពិភាក្សាលើការនាំចូលស្វាយពីកម្ពុជា ព្រមទាំងស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្មរវាងប្រទេសកូរ៉េនិងកម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ជាពិសេស ក្រសួងនឹងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជាមៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបង្កើតរោងចក្រកែឆ្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។
ជាការឆ្លើយតប លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តី ដែលបានស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ។ លោកបានបន្តថា សមាគមអ្នកនាំចូលកូរ៉េមានសមាជិកប្រមាណ ១៥,០០០ ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យ។
គួរបញ្ចាក់ថា រយៈពេល៣ខែដើមឆ្នាំ២០២២ ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាទៅកាន់ប្រទេសកូរ៉េមានចំនួន ១៤២,៥៥តោន ខណៈដែលការនាំចេញទៅប្រទេស វៀតណាមចំនួន ៤០ ៨៤៩,៧២តោន ប្រទេសចិនចំនួន២២ ២៤៤,៦៨តោន ប្រទេសថៃចំនួន ១៨ ១៨១,១២តោន ។
ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាក្នុងរយៈពេល៣ខែដើមឆ្នាំនេះសរុបមានចំនួន ៨១ ៤១៨,០៧តោន ថយចុះចំនួន ២០,៧៣ភាគរយ ។ ការថយចុះនេះត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពន្យល់ថាដោយសារហេតុផល២យ៉ាង។ ក្នុងនោះទី១ ដោយសារជួបឧបសគ្គ ការដឹកជញ្ជូនផលិតផលកសិកម្ម ឆ្លងដែនរវាងប្រទេសវៀតណាម និងចិន ដោយសារការរីករាលដាលជាសកលនៃជម្អឺកូវិដ ១៩ មានការត្រួតពិនិត្យតឹងតែង និងទី២ ការប្រកួតប្រជែងតម្លៃ នៅលើទីផ្សារប្រទេសចិន ដោយវិស័យឯកជនពិនិត្យឃើញថាមិនទទួលបានប្រាក់ចំណេញ ទាក់ទងទៅនឹងតម្លៃនៃការធ្វើប្រព្រឹត្តកម្ម វេចខ្ចប់ និងដឹកជញ្ជូន នៅកម្ពុជាមានតម្លៃខ្ពស់ រួមជាមួយនឹងតម្លៃដឹកជញ្ជូនចេញពីកម្ពុជា ទៅកាន់កំពុងផែនៃប្រទេសចិន ៕