ប្រមុខរដ្ឋាភិបាលបានរំលឹកគ្រាមួយ ដែលអ្នកកាសែតទូរទស្សន៍ជាតិលោក ប៉ាង ណាត បានសួរកូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត ក្រោយពេលរៀនចប់នៅសាលាបណ្ឌិតយោធា West Point។
ក្នុងពិធីជួបសំណេះសំណាលនិស្សិតនិទ្ទេស A កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែនបានលើកពីសំនួររបស់អ្នកកាសែតទូរទស្សន៍ជាតិលោក ប៉ាង ណាត ដែលសម្ភាសន៍លោក ហ៊ុន ម៉ាណែត ដែលសិក្សាផ្នែកកងទ័ព ហេតុអីមិនជ្រើសរើសជំនាញជាអ្នកបើកយន្តហោះ?
បើតាមប្រមុខរដ្ឋាភិបាលបានរំលឹកការឆ្លើយតបរបស់កូនប្រុសគឺលោកហ៊ុន ម៉ាណែតថា លោកសុខចិត្តធ្វើការជាមួយមនុស្ស មិនធ្វើការជាមួយម៉ាស៊ីនដោយសារពិបាកនិយាយគ្នា។
ការឆ្លើយតបនេះ បានធ្វើឲ្យលោកនាយករដ្ឋមន្រ្តីអស់សំណើចដែលជាចម្លើយដ៏ហួសចិត្ត។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅបណ្ឌិតសភាយោធាអាមេរិក (West Point)។ ក្រៅពីសិក្សាផ្នែកកងទ័ព កូនប្រុសប្រមុខមេដឹកនាំកម្ពុជារូបនេះក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យញូវយ៉ក (New York University) និងថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស។
ក្នុងកម្មវិធីជួបជុំកាលពីម្សិលមិញដែលមានសិស្សរាប់ពាន់នាក់ និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើននោះ សម្តេចតេជោ ហ៊ុន សែន ក៏ទម្លាយឲ្យដឹងដែរថា ក្នុងគ្រួសារសម្តេចមានកូនប្រសារម្នាក់ជាភីឡុត ដែលមានសមត្ថភាពអាចបើកយន្តហោះបាន។ យ៉ាងណាមិញ សម្តេចមិនបញ្ចេញឈ្មោះកូនប្រសាររូបណានោះទេ ដែលមានសមត្ថភាពអាចបើកបរយន្តហោះ។
ប្រមុខរដ្ឋាភិបាលមានកូនប្រសាចំនួន ៥ នាក់មាន លោក ឌី វិជ្ជា (ស្វាមីលោកជំទាវ ហ៊ុន ម៉ាណា) លោកជំទាវ ពេជ ចន្ទមុនី (ភរិយាលោក ហ៊ុន ម៉ាណែត) លោក សុខ ពុទ្ធីវុធ (ស្វាមីលោកជំទាវ ហ៊ុន ម៉ាលី) លោកជំទាវ យឹម ឆៃលីន (ភរិយាលោក ហ៊ុន ម៉ានី) និងលោកជំទាវ ឌី សុខីទីឃាយុកោ (ភរិយាលោក ហ៊ុន ម៉ានិត)៕