ពហុកីឡដ្ឋានកំពង់ស្ពឺ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នាខែកញ្ញាខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

ពហុកីឡាដ្ឋានកំពង់ស្ពឺន គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែកញ្ញាខាងមុខនេះហើយ ខណគិតដល់ពេលនេះការដ្ឋានទាំងមូល សាងសង់បានប្រមាណជាង៩០%ផងដែរ។នេះបើតាមការឲ្យដឹងពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងប្រាប់តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ពហុកីឡាដ្ឋានដ៏ប្រណិតស្តង់ដាអន្តរជាតិដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងដំណើរការសាងសង់យ៉ាងរលូនសម្រេចបានជាង ៩០ភាគរយ នៃគម្រោងទាំងមូល។

ក្នុងនោះឯកឧត្តមថា ការងារនៅសល់ គឺការងារសម្អាតដាំស្មៅ ដាំដើមឈើ និងការងារសោភណ្ឌភាពបន្តិចទៀតទេ ពោលបើតាមផែនការ ប្រហែលនៅខែកញ្ញាខាងមុខនេះ គឺយើងអាចសម្ពោធដាក់ឱ្យប្រើប្រាស់។
គួរបញ្ជាក់ដែរថា ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺនេះ មានទីតាំងនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន។កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ត្រូវបានសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារអាមេរិកមូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ទាក់ទិននឹងពហុកីឡដ្ឋានខេត្តកំពង់ស្ពឺនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ក៏ធ្លាប់បានបង្ហាញការជឿជាក់ថា ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺនេះ គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃការអភិវឌ្ឍន៍កីឡាក្នុងខេត្តកំពង់ស្ពឺ ដែលនឹងជួយក្នុងការនាំយកនូវឧត្តមភាពកីឡាមកកាន់ខេត្តនេះថែមទៀត៕