លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ៤ខែដើមឆ្នាំ២០២២ នេះ មានរថយន្តប្រមាណ ៧០០០ គ្រឿងបានមកបំពេញកាតព្វកិច្ចបង់ពន្ធ ដែលស្មើនឹងការប្រមូលពន្ធបានជិត ៦០ លានដុល្លារ។
នៅក្នុងសន្នីសីទសារព័ត៌មានលើកទី ៥ ស្ដីពីវឌ្ឈនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនៅថ្ងៃទី៤ ខែឧសភានេះ លោក គុណ ញឹម បានក្រើនរំឮកដល់ម្ចាស់រថយន្ត ត្រូវមកបំពេញកាតព្វកិច្ចបង់ពន្ធ ខណៈឱសានវាទក្នុងការអនុគ្រោះនឹងផុតកំណត់ត្រឹមខែមិថុនានេះ។
បើតាមលោក គុណ ញឹម រថយន្តចង្កូតស្ដាំ រថយន្តស្ថិតនៅក្រោមស្លាកលេខក្លែងក្លាយ រថយន្តគេចវេសកាតព្វកិច្ចបង់ពន្ធ នឹងត្រូវចាត់វិធានការយ៉ាងតឹងតែងចាប់ពីទី ១ ខែកក្កដា។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា ចំពោះរថយន្តចង្កូតស្ដាំដែលបង្ក្រាបបាន ចាប់ពីខែកក្កដាតទៅ នឹងត្រូវដោះជាគ្រឿងបន្លាស់ ឬត្រូវកម្ទេចចោល។ ការអនុវត្តវិធានការនេះ គឺបន្ទាប់ពីការទុកពេលឲ្យម្ចាស់យានយន្តចង្កូតឆ្វេងមកបំពេញកាតព្វកិច្ចបង់ពន្ធ ជាមួយការអនុគ្រោះពន្ធពីខែកញ្ញាដល់ខែធ្នូ។ ការអនុគ្រោះនេះ ក៏បន្តសម្រា់រថយន្តចង្កូតស្ដាំ រហូតដល់ទី៣០ ខែមិថុនា រួមទាំងការអនុគ្រោះពន្ធទៅតាមសេរីរថយន្ត៕