កម្ពុជា ឈ្នះពានរង្វាន់ប្រាក់ ពីពិព័រណ៍ពិភពលោក​២០២០នៅទីក្រុងឌុយបៃ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា ទទួលបានពានរង្វាន់ប្រាក់ពិភពលោក ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យ​ពិព័រ​ណ៍​​អន្តរជាតិ (BIE) លើផ្នែកការរចនាពន្លាជាតិ បានល្អជាងគេក្នុងសង្កាត់និរន្តរភាព (Silver Award on the Interior Design for Sustainable District) ក្នុងចំណោមប្រទេសចំនួន ៤៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នេះជាលើកទី២ ដែលកម្ពុជាមាន​កិត្តិ​យស​បានទទួលពានរង្វាន់ប្រាក់នេះ បន្ទាប់ពីបានទទួលពានរង្វាន់ប្រាក់លើកដំបូងពីការចូលរួមពិព័រណ៍​ពិភព​លោកឆ្នាំ ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។

លោក ប៉ាន សូរស័ក្តិ បានបន្តថា ពានរង្វាន់នេះ ធ្វើឡើងតាមរយៈការវាយតម្លៃយ៉ាងសុក្រឹត ដោយផ្អែក​លើការ​រៀបចំតុបតែងពន្លាជាតិស្របតាមខ្លឹមសារ និងប្រធានបទ រួមទាំងកំណត់ទៅតាមទំហំ និងប្រភេទពន្លាជាតិ ដោ​យ​​ត្រូវឆ្លងកាត់ការវាយតម្លៃផ្អែកលើទិដ្ឋភាពរួមចំនួន ៣ គឺ៖ ១. ស្ថាបត្យកម្ម និងទស្សនីយភាព ២. ការរចនា​ពន្លា​ជាតិ និង ៣. ការបកស្រាយប្រធានបទ។

លោករដ្ឋមន្ត្រី បន្ថែមថា ពានរង្វាន់នេះជាស្នាដៃមួយដែលមានតម្លៃជាប្រវត្តិសាស្រ្ត ហើយបានបញ្ជាក់ពី​ការ​ទទួ​ល​​​ស្គាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាបានល្បីល្បាញជាសកល តាម​រយៈ​ការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនានា ព្រមទាំងនាំមកនូវមោទកភាពជូនជាតិក្នុង​ការ​ចូល​រួម​ពិព័រណ៍​ពិភពលោក ២០២០ ឌុយបៃ។

គួរបញ្ជាក់ថា កម្ពុជាធ្លាប់មានបទពិសោធន៍ និងទទួលបានជោគជ័យចំនួន ០៤ លើករួចមកហើយ ក្នុងការចូលរួម​ពិព័រណ៍ពិភពលោកចាប់តាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន ក្នុងនោះពិព័រណ៍ពិភពលោក ២០០៥ នៅទីក្រុង​អាយ​ជី ប្រទេសជប៉ុន ពិព័រណ៍ពិភពលោក ២០១០ នៅទីក្រុងសៀងហៃ ប្រទេសចិន ពិព័រណ៍ពិភពលោក ២០១៥ នៅ​ទីក្រុងមីទ្បង់ ប្រទេសអ៊ីតាលី និងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នៅសហភាពអារ៉ាប់រួម ហើយនៅ​ឆ្នាំ២០២៥ ខាងមុខ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជានឹងចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា-កាន់សៃ ជប៉ុន (Expo 2025 Osaka, Kansia, Japan) ក្រោមប្រធានបទ “Designing Future Society for Our Lives”៕