នាវាល្បាតចំនួន៧គ្រឿងស្ថិតក្រោមហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបនៃកម្មវិធី CAPFISH-Capture ត្រូវបានប្រគល់ជូនដល់អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរទាំង៤ ក្នុងខេត្តកោះកុង ដើម្បីទប់ស្កាត់បទល្មើស នេសាទនិងការពារធនធានធម្មជាតិ។

ពិធីប្រគល់ទទួលនាវាល្បាត បានធ្វើឡើងកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានការចូលរួម និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើននាក់។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ននៃអនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ដែលបានរួមចំណែកជំរុញកំណើនក្នុងវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍអនុវិស័យជលផល និងផលិតកម្មសត្វ។

លោក វេង សាខុន បន្តថា ក្នុងរយៈពេល២ឆ្នាំនៃការអនុវត្តគម្រោងកម្មវិធី CAPFISH-Capture កន្លងមកនេះ សហភាពអឺរ៉ុបបានផ្តល់នូវមធ្យោបាយ នាវាល្បាត រថយន្ត ម៉ូតូ សម្ភារការិយាល័យ និងសម្ភារ សម្រាប់អនុវត្តសកម្មភាពនៅមូលដ្ឋានជាច្រើន ដល់អង្គភាពអនុវត្តសកម្មភាពផ្ទាល់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមគ្នានេះសហភាពអឺរ៉ុបក៏បានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងកម្មវិធីថ្មីចំនួន២ទៀតដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផលគឺកម្មវិធី CaPFish-Aquaculture និង CAPFISH-Capture ដែលគម្រោងទាំង២នេះចាប់ផ្តើមពីឆ្នាំ២០១៩ និងត្រូវបញ្ចប់នៅឆ្នាំ២០២៤។
ជាមួយគ្នានេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានណែនាំអោយមន្ត្រីជំនាញនិងសហគមន៍ ប្រើប្រាស់នាវាល្បាតទាំងនេះឱ្យបានត្រឹមត្រូវស្របតាមបច្ចេកទេស និងខិតខំចេញល្បាតដើម្បីការពារបទល្មើស និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ ជាពិសេសអាជ្ញាធរមូលដ្ឋានសហគមន៍នេសាទ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា ដើម្បីទប់ស្កាត់បទល្មើសនេសាទទាំងឡាយ ដូចជា ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ ការនេសាទនៅក្នុងតំបន់ហាមឃាត់ជាដើម ៕


