សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃខើល មីចាឡាក់ អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ។

នៅក្នុងជំនួបនេះ លោក Michael Michalak បានដឹកនាំក្រុមហ៊ុនចំនួន១៣ ដើម្បីពិភាក្សាលើបញ្ហាថាមពល ការបង្កើតរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ការជំរុញសេដ្ឋកិច្ច ឌីជីថល និងវិស័យសុខាភិបាល។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានប្រាប់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាននូវស្ថានភាពថាមពលរបស់កម្ពុជា ដែលក្នុងនោះកម្ពុជាកំពុងតែប្រើប្រាស់អគ្គិសនី ផលិតដោយវារីអគ្គិសនី សរុបទាំងអស់មាន ៦៤,៣៩% អំពីសូឡា៤.១% និងជីវឧស្ម័នចំនួន ០,២៨%។
ក្នុងឱកាសនោះផងដែរ សម្ដេចតេជោបានសំដែងនូវការស្វាគមន៍ ចំពោះការដំឡើងរោងចក្រ ដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ហើយបានលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងអស់បន្តវិនិយោគ និងស្វែងរកសក្តានុពលផ្សេងៗទៀត ដើម្បីវិនិយោគនៅកម្ពុជានាពេលខាងមុខ៕


