បុត្រាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី ១ និងអតីតព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ត្រាស់បង្គាប់ តម្លើងឋានៈជាព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ។

តាមរយៈព្រះរាជក្រឹត្យមួយទំព័រឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២២នេះ ក៏សម្រេចតែងតំាង ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ មានឋានៈស្មើ អនុរដ្ឋលេខាធិការផងដែរ។

អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ព្រះបុត្រារបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និង អ្នកម្នាង អ៊ុក ផល្លា ជាមួយនឹងអ្នកអង្គម្ចាស់ នរោត្ដម រណវង្ស ព្រះបុត្រាពៅ។

សូមបញ្ជាក់ថា ព្រះរាជបុត្រា-បុត្រី របស់សម្ដេចក្រុមព្រះ ទាំង ៥ព្រះអង្គ គឺមាន ២ព្រះអង្គ បាននិងកំពុងប្រឡូកក្នុងឆាកនយោបាយ នោះគឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បច្ចុប្បន្នជាប្រធានស្ដីទី គណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី ធ្លាប់ជាសមាជិករដ្ឋសភា និងធ្លាប់ជាមន្ត្រីជាន់ខ្ពស់ក្រសួងមួយផងដែរ។
បន្ទាប់ពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គត គឺព្រះអង្គម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ ដែលជាព្រះមាតាជាអ្នកគ្រប់គ្រង មើលថែរក្សា និងផ្គត់ផ្គង់គ្រប់យ៉ាង ទៅលើបុត្រា-បុត្រី ទាំង ៥ព្រះអង្គ ហើយបើទោះជាអ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងអ្នកអង្គម្ចាស់ នរោត្ដម រណវង្ស ជាបុត្រារបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាមួយអ្នកម្នាង អ៊ុក ផល្លា ក៏ដោយ ក៏អង្គម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ នឹងមើលថែរក្សាឲ្យបានល្អ ព្រមទាំងចំណាយទៅលើការរស់នៅ និងការសិក្សារបស់ព្រះអង្គទាំង ២ផងដែរ។

សម្ដេចក្រុមព្រះ មានបុត្រា-បុត្រី ចំនួន ៥ ព្រះអង្គ ដែលរួមមាន៖
ទី១. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះរាជបុត្រច្បង របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ។

ទី២. ព្រះអង្គម្ចាស់ នរោត្ដម សីហឫទ្ធិ ជាព្រះរាជបុត្រ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ។

ទី៣. ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី ជាព្រះរាជបុត្រី របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ។

ទី៤. អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ព្រះរាជបុត្រា របស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាមួយអ្នកម្នាង អ៊ុក ផល្លា។

ទី៥. អ្នកអង្គម្ចាស់ នរោត្ដម រណវង្ស ជាព្រះរាជបុត្រាពៅ របស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាមួយអ្នកម្នាង អ៊ុក ផល្លា។

សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចូលព្រះទិវង្គត នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ៕