គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរកែប ដែលជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២៧០០ម៉ែត្រ គ្រោងនឹងធ្វើយ៉ាងណាឱ្យបញ្ចប់ទាំងស្រុងនៅមុនបុណ្យសមុទ្រឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអភិបាលខេត្តកែប។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងប្រាប់ក្រុមការងារយុវជនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះថា៖ “ក្តីសង្ឃឹមរបស់យើងសម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នេរកែបនេះ គឺធ្វើយ៉ាងម៉េចឱ្យទាន់មុនបុណ្យសមុទ្រឆ្នាំ២០២៣។ ខេត្តកែបនៅឆ្នាំ២០២៣ នឹងមានព្រឹត្តិការណ៍ធំៗ៣សំខាន់គឺ ១)ការបោះឆ្នោតតំណាងរាស្ត្រ ២)ព្រឹត្តិការណ៍កីឡាស៊ីហ្គេម មានហែលទឹក មានធាក់កង់ មានរត់ចំងាយ ៣)បុណ្យសមុទ្រ ដែលយើងត្រូវត្រៀមលក្ខណៈអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កែលម្អសោភ័ណភាព និងត្រូវរៀបចំខ្លួនឱ្យបានល្អ ក្នុងការទទួលភ្ញៀវអន្តរជាតិ និងភ្ញៀវជាតិ ជាពិសេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម”។
“យើងអភិវឌ្ឍន៍ ដោយមិនភ្លេចអភិរក្ស ហើយអភិរក្សគាំទ្រការអភិវឌ្ឍ។ យើងមិនអភិវឌ្ឍទាំងស្រុងដោយខ្ទេចខ្ទីព្រៃឈើនិងឧទ្យានជាតិនោះទេ។ យើងនឹងរក្សាធនធានធម្មជាតិឱ្យបាន។ នេះជាទស្សនៈរបស់ខ្ញុំ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំជាច្រើន”។ លោកអភិបាលខេត្តបញ្ជាក់បន្ថែម។
គម្រោងអភិវឌ្ឍន៍ឆ្នេរកែបថ្មីប្រវែង ២៧០០ម៉ែត្រនេះ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប៕