ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ស្នើភាគីជប៉ុនពិចារណាបញ្ជូនក្រុមជំនាញការ ជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកវិស្វកម្មសំណង់ដល់កម្ពុជា។ ការស្នើនេះធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្រ្តីជាមួយគណៈប្រតិភូជប៉ុន កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឱ្យភាគីជប៉ុនពិនិត្យពិចារណាបញ្ជូនក្រុម ជំនាញការរបស់ខ្លួនដើម្បីជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកលើវិស្វកម្មសំណង់ ដើម្បី ជួយពង្រឹងសមត្ថភាពមន្ត្រីក្រសួងសាធារណការលើការ កសាងស្ពានថ្នល់ប្រកបដោយគុណ ភាព។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយឯកឧត្តម NAKANE Kazuyuki សមាជិកសភាជប៉ុន។
ឯកឧត្តម ស៊ុន ចាន់ថុល កត់សម្គាល់ថា សព្វថ្ងៃនេះមាននិស្សិតកម្ពុជាត្រឹមតែ៣,៤ភាគរយប៉ុណ្ណោះ ដែលសិក្សាជំនាញនេះនៅតាមសាកលវិទ្យាល័យនានា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីជប៉ុន និងប្រជាជនជប៉ុនដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកដល់ការស្តារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ ឯកឧត្ដមបានគូសបញ្ជាក់អំពីបច្ចុប្បន្នភាពនៃគម្រោងសាងសង់ពង្រីកផ្លូវជាតិ លេខ៥ ពីព្រែកក្តាមទៅប៉ោយប៉ែតជាពី២គន្លង ទៅ៤គន្លង ដែលជាផ្លូវសេដ្ឋកិច្ចមួយយ៉ាងសំខាន់ដើម្បីដឹកជញ្ជូន ទំនិញទៅកាន់ប្រទេសជិតខាង។
ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍អំពីគម្រោងពង្រីកកំពង់ផែស្វយ័តក្រុង ព្រះសីហនុ គម្រោងប្រើប្រាស់ប្រព័ន្ធPort EDIនៅកំពង់ផែ ផែនការមេភស្តុភារកម្ម ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ប្រព័ន្ធចុះបញ្ជីរថយន្តតាមអនឡាញ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមប្រព័ន្ធអនឡាញ គម្រោងសិក្សាលើការកាត់បន្ថយការកកស្ទះ ចរាចរណ៍ក្នុងរាជធានីភ្នំពេញ ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) និងគម្រោងមេគង្គ-ជប៉ុនដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹក។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងកំពុងធ្វើការជាមួយទីភ្នាក់ងារ JICA ដើម្បីសម្របសម្រួលរវាងកម្ពុជា និងភាគីថៃទាក់ទងនឹងការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ (ស្ពានស្ទឹងបត់) ជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ពីការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាប់ព្រំដែនថៃ ខណៈកំពុងរង់ចាំការបញ្ចប់ការសាងសង់អគាររដ្ឋបាល។
ជាការឆ្លើយតប ឯកឧត្តម NAKANE បានកត់សម្គាល់ និងទទួលយកសំណើទាំងឡាយ ដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឡើង ដើម្បីពិនិត្យពិចារណា និងឆ្លើយតបប្រកបដោយភាពវិជ្ជមាន។ ឯកឧត្តម NAKANE បានថ្លែងការកោតសរសើរដល់គំនិតផ្តួចផ្តើមកំណែទម្រង់ ស៊ីជម្រៅរបស់ក្រសួងសាធារណការទាក់ទងនឹងការដាក់ឱ្យដំណើរការកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងការរីកចម្រើនរបស់កម្ពុជាយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕






