លោក គា បូរាណ ចូលរួមបោះទុន ១លានដុល្លារវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ 

សង្គម​ និង​សេដ្ឋកិច្ច អាជីវកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ (A.M.K) សម្រេចទិញសញ្ញាបណ្ណមានបុគ្គលធានាក្នុងតម្លៃ ១លានដុល្លារអាមេរិកពីក្រុមហ៊ុន CAIC របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាប័ណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាធ្វើឡើងរវាងលោក គា បូរាណ នាយកគ្រឹះស្ថានហិរញ្ញវត្ថុ A.M.K និងឧកញ៉ា Chalres Vann អគ្គនាយករងក្រុមហ៊ុន CAIC នៅថ្ងៃសុក្រ ទី០៦  ខែឧសភា ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកាណារឌីយ៉ាភ្នំពេញ។

ថ្លែងក្រោយពិធីចុហត្ថលេខារួចរាល់លោក គា បូរាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ បានលើកឡើងថា គ្រឹះស្ថានអេអឹមខេ បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដំបូងគេលើការវិនិយោគសញ្ញាប័ណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ  និងបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ ។ មិនតែប៉ុណ្ណោះ ក៏បានចូលរួមជំរុញទៅលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជាផងដែរ។

ឧកញ៉ា Chalres Vann អគ្គនាយករងក្រុមហ៊ុន CAIC បានបញ្ជាក់ថា អត្រាការប្រាក់របស់សញ្ញាបណ្ណនេះ គឺ ៥.៥ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល(tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។ លោកឧកញ៉ាបន្ថែម។

សូមជម្រាបជូនថា CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC)ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង ក្រុមហ៊ុន OCIC ។  រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនាប្លង់សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ខេត្តកណ្ដាល ។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោបច្ចុប្បន្នសម្រេចបាន​ ៣២% ហើយដែលបានចំណាយទឹកប្រាក់សរុប ៤១៤ លានដុល្លារអាមេរិក ដែលការចំណាយនេះដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ Cambodia Airport Investment Co., Ltd (CAIC)។ នេះបើយោងតាមការឱ្យដឹងពីក្រុមហ៊ុន CAIC។

គួររម្លឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមសាងសង់កាលពីខែមករា ឆ្នាំ២០២០ ដោយចែកចេញជា ៣ ដំណាក់កាល ក្នុងនោះទីតាំងស្ថានីយទី១ នឹងសាងសង់រួចរាល់នៅឆ្នាំ ២០២៣ ខាងមុខ ដោយនឹងអាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ។ ឯស្ថានីយតំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ អាចទទួល បានអ្នកដំណើរប្រមាណ ៣០ លាននាក់ក្នុង ១ឆ្នាំ និងដំណាក់កាលចុងក្រោយនឹងបញ្ចប់នៅឆ្នាំ ២០៥០ ដែលអាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ ក្នុងមួយឆ្នាំ។ គម្រោងទាំងមូលនឹងត្រូវចំណាយទឹកប្រាក់សរុប ១.៥០០ លានដុល្លារ មិនបូកបញ្ចូលតម្លៃដី៕