ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានទទួលជោគជ័យពីការការពារបញ្ចប់ការសិក្សាថា្នក់ក្រោយបណ្ឌិត «Post-Doctoral Research Fellowship» នៅសាកលវិទ្យាល័យ Harvard បានជាប់ជាស្ថាពរ ក្រោយពីព្រះអង្គបានចំណាយពេលសិក្សាអស់រយ:ពេលជាង៣ឆ្នាំកន្លងមក។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត ទទួលបាន «សក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋ» ពីសាកលវិទ្យាល័យ Harvard បន្ទាប់ពីព្រះអង្គបានបញ្ចប់ការសិក្សា នៅឆ្នាំ២០២០កន្លងទៅលើមហាវិទ្យាល័យទស្សនវិជ្ជា Harvard Divinity School។
ក្នុងឆ្នាំ២០១៦ សាកលវិទ្យាល័យ Harvard បានសម្រេចផ្ដល់អាហាររូបករណ៍រយៈពេល៥ឆ្នាំ សម្រាប់កម្រិតសិក្សា «ថ្នាក់ក្រោយបណ្ឌិត_Postdoc» (Postdoctoral Research Fellowship) លើប្រធានបទ«មាគ៌ាអរិយជន» ដែលផ្ដោតសំខាន់អំពីតួនាទីព្រះសង្ឃក្នុងការកសាងនិងថែរក្សាសន្តិភាព។ នេះជាលើកទី១ហើយ ដែលសាកលវិទ្យាល័យ Harvard បានសម្រេចប្រគេនអាហារូបករណ៍កម្រិតខ្ពស់បំផុតប្រភេទនេះ ដល់បញ្ញវន្តសង្ឃពុទ្ធសាសនាថេរវាទ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងរយៈពេល៣៨៦ឆ្នាំ ចាប់តាំងពីថ្ងៃបង្កើតសាកលវិទ្យាល័យឡើងនៅក្នុងឆ្នាំ១៦៣៦មក គឺព្រះមុនីកោសល យ៉ន សេង យៀត មកពីប្រទេសកម្ពុជា។
ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត បានបួស ក្នុងវិស័យពុទ្ធចក្រជាង២០ឆ្នាំ មកនេះបានលះបង់ ទាំងកម្លាំងកាយនិង កម្លាំងចិត្តដើម្បីរួមចំណែកលើកកម្ពស់ព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋក្នុងប្រទេសកម្ពុជា ។
មុនពេលព្រះអង្គបន្តការសិក្សាស្រាវជ្រាវពីទស្សនវិជ្ជាព្រះពុទ្ធថ្នាក់ក្រោយបណ្ឌិតតាមរយៈ អាហារូបករណ៍សាកលវិទ្យាល័យ Harvard នៅអាមេរិកនេះព្រះអង្គបានសិក្សាស្រាវជ្រាវនិងចូលរួមសន្និសីទសាសនាអន្តរជាតិជាង៥០ប្រទេសទូទាំងពិភពលោក ដើម្បីផ្សព្វផ្សាយលើកតម្កើងសាសនាព្រះពុទ្ធនៅកម្ពុជា ។
ក្នុងឆ្នាំ២០០៨ ព្រះអង្គទទួលសញ្ញាបត្រគ្រូពុទ្ធិកឧត្តមសិក្សាទស្សនវិជ្ជានៃក្រសួងធម្មការ និងសាសនា ឆ្នាំ២០១០ ព្រះអង្គទទួលបានសញ្ញាបត្រកម្រិតឧត្តម នៅសាលាភូមិន្ទរដ្ឋបាល និង បានបញ្ចប់ផ្នែកបណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជាក្នុង ឆ្នាំ២០១៤ ។
ក្នុងឆ្នាំ២០០៦ ដល់បច្ចុប្បន្ន ព្រះអង្គបានចូលកាន់តួនាទីជាសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងឆ្នាំ២០១៣ ដល់បច្ចុប្បន្នព្រះអង្គជាព្រឹទ្ធបុរសរងភាសាអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា៕