ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ត្រាស់បង្គាប់តែងតាំង លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន ជា «សម្ដេចឧត្ដមទេពញាណ»។
ជាអ្នកដំណាងរាស្រ្តមណ្ឌលកំពង់ចាម ហើយជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា លោក ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម និងជាបងប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ។
លោក ហ៊ុន ណេង មានឈ្មោះដើម ហ៊ុន ឡុងសេង កើតនៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៩៥០ នៅភូមិពាមក ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមាន ឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក ។លោកជាកូនទី២ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុង នោះ ស្រី ៣ នាក់។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ លាង វុចឆេង នៅឆ្នាំ ១៩៧១ និងមានបុត្រាបុត្រីចំនួន ៦ នាក់ ក្នុងនោះស្រី ៣នាក់។
ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ ១៩៧០ លោកបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋម សិក្សាពាមកោះស្នា និងបន្តនៅអនុវិទ្យាល័យស្ទឹងត្រង់។ជាបន្តបន្ទាប់ លោកបានខិតខំបន្តការសិក្សារៀន សូត្ររហូតដល់ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសេដ្ឋកិច្ច និងរដ្ឋបាល នៅឆ្នាំ ១៩៩៧។ មិនតែប៉ុណ្ណេះ លោកក៏បានទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយសពីស្ថាប័នសាកលវិទ្យាល័យជាតិ និងអន្តរជាតិមួយចំនួន ផងដែរក្នុងចន្លោះឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ លោកស្ថិតនៅក្នុងតំបន់រំដោះនាស្រុកកំណើត និងក្រោយ ពេលប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត លោកបានចូលបម្រើក្នុងកងទ័ពនរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា។ចាប់ពីពេលនោះរហូតមក ដោយសារលោកមានបញ្ញាឈ្លាស និងមាន សមត្ថភាព លោកក៏ត្រូវបានតែងតាំងក្នុងមុខនាទីជាបន្តបន្ទាប់ រួមមាន ៖-ប្រធានមន្ទីរខេត្តកំពង់ចាមនៅ ឆ្នាំ១៩៧៩-ប្រធានមន្ទីរផែនការខេត្តកំពង់ចាមនៅឆ្នាំ១៩៨១-អភិបាលស្រុកក្រូចឆ្មារនៅឆ្នាំ១៩៨២ជាអភិបាលខេត្តកំពង់ចាមនៅឆ្នាំ១៩៨៤-អភិបាលខេត្តស្វាយរៀងនៅឆ្នាំ ១៩៩៩ និងវិលត្រឡប់មកធ្វើ ជាអភិបាលខេត្តកំពង់ចាមវិញនៅឆ្នាំ២០០៥។ លោកបានចូលនិវត្តនៅឆ្នាំ២០១៣ និងត្រូវបានឈរ ឈ្មោះ និងជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងត្រូវបានជ្រើសតាំងជាសមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈន រដ្ឋសភាពជាតិរហូតមកដល់បច្ចុប្បន្ន។
ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ លោកក៏ត្រូវបានប្រទាននូវគ្រឿងឥស្សរិយយសជាច្រើនពីព្រះមហាក្សត្រ ក្នុងនោះ គ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺ ថ្នាក់ជាតូបការ។ពេញមួយជីវិតរបស់លោក ហ៊ុន ណេង ពិសេសពេលវេលាដែលលោកបានមកដឹកនាំនៅខេត្តកំពង់ចាម លោកតែងតែបំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍ នៅខេត្តកំពង់ចាម។តាមរយៈសកម្មភាពទាំងអស់នេះ បានធ្វើឲ្យលោកទទួលបាននូវការ គោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕