សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ហៅថា ជំនាន់ «ឧស្សាហកម្ម ៤.០» ចំនួន ៩០នាក់ ត្រូវបានបែងចែកកន្លែងបំពេញការងារ និងចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋនានា ជាផ្លូវការហើយ បន្ទាប់ពីសិក្សារយៈពេល ០២ឆ្នាំ ដោយជោគជ័យ នៅសាលាភូមិន្ទរដ្ឋបាល។
តាមរយៈសេចក្តីសម្រេចរបស់ក្រសួងមុខងារសាធារណៈ ដែលចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានបញ្ជាក់ឱ្យដឹងថា សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ដែលមាន៣ជំនាញគឺ រដ្ឋបាលសាធារណៈ, សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិ នឹងទទួលបានប្រាក់បំណាច់មុខងារស្មើនឹងអនុប្រធាននាយកដ្ឋាន ព្រមទាំងប្រាក់បៀវត្សមូលដ្ឋាន នឹងទទួលបានចាប់ពីខែឧសភា ឆ្នាំ២០២២ នេះតទៅ។
ក្រសួង ស្ថាប័ន ដែលសិស្សមន្ត្រីជាន់ខ្ពស់ ចេញទៅបំពេញការងារមានដូចជា៖ ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងរ៉ែ និងថាមពល, ក្រសួងផែនការ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងយុត្តិធម៌, ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងសុខាភិបាល, ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងកិច្ចការនារី, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមុខងារសាធារណៈ, អង្គភាពប្រឆាំងអំពើពុករលួយ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕