តើព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលបានជ័យលាភីអ្វីខ្លះនៅក្នុងអាជីព?

សង្គម​ និង​សេដ្ឋកិច្ច

ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជនមួយស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើយោងតាមផេកហ្វេសប៊ុកឈ្មោះ Amazing Cambodia បានឱ្យដឹងនៅយប់ថ្ងៃទី៧ ខែឧសភានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលសម្រាកព្យាបាលរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ នាយប់ថ្ងៃទី៧ម្សិលមិញមិនទាន់បញ្ជាក់ពីបញ្ហាជំងឺរបស់លោកនៅឡើយ ខណៈដែលលោកព្រឹទ្ធាចារ្យមានវ័យកាន់តែច្រើនឡើងហើយ។

គិតមកដល់ឆ្នាំ២០២២នេះ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មានជន្មាយុ ៧៨ឆ្នាំ លោកធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ។

ជាមួយនឹងការបង្ហាញខ្លួនភ្ជាប់ដោយវ៉ែនតាពណ៌ខ្មៅជានិច្ច លោកគឺជាតន្រ្តីករប្រពៃណីបុរាណ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជានិងលើឆាកអន្តរជាតិ។

ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។

ព្រឹទ្ធាចារ្យចាប៉ីដងវែង ដែលមានប្រភពមកពីស្រុកកំពង់ត្រាច ខេត្តកំពត រូបនេះធ្លាប់ទទួលបានជ័យលាភីជាច្រើនរួមមាន៖

ឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។

ឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។

ឆ្នាំ ២០០១លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។

ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំងនឹងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។

ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាលនិងឆ្នាំ ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថា “កោសល្យវោហារ គង់ណៃ”។

នៅឆ្នាំ ២០១៧ លោកទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបាន បង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វូគុអុកា ប្រទេសជប៉ុន សម្រាប់ផ្តល់ជូនបុគ្គល ដែលមានស្នាដៃឆ្នើម ក្នុងតំបន់អាស៊ីពាក់ព័ន្ធផ្នែកអប់រំ សិល្បៈ និងវប្បធម៌ ។ លោកព្រឹទ្ធាចារ្យ ចាប៉ីដងវែង គង់ ណៃ គឺជាបុគ្គលទី៣ របស់កម្ពុជា ដែលបានទទួលពានរង្វាន់នេះ បន្ទាប់ពីលោក ឆេង ផុន និងលោក អាំង ជូលាន ៕