លោក Agio Pereira ទេសរដ្ឋមន្រ្តីប្រទេសទីម័រលេស្ត បានដឹកនាំគណៈប្រតិភូសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍប្រេងកាតនៅកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ។
ក្នុងដំណើរទស្សនកិច្ចសិក្សានៅកម្ពុជារបស់មន្ត្រីទីម័រ ធ្វើឡើងជាមួយលោក អ៉ិត ប្រាំង រដ្ឋលេខាធិការប្រចាំការនៃក្រសួងរ៉ែនិងថាមពល អមដោយវត្តមានលោក Ermenegildo Kupa Lopes ឯកអគ្គរាជទូតនៃប្រទេសទីម័រលេស្តប្រចាំកម្ពុជា និង លោក Stephen Webb នាយកផ្នែកថាមពល។
ក្នុងជំនួប ភាគីទាំងពីរបានជជែកពិភាក្សាអំពីសក្តានុពលនិងឱកាស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងនិងឧស្ម័ន។ ទន្ទឹមនឹងនោះ កម្ពុជា ទីម័រ ក៏បានពិភាក្សាលម្អិតបន្ថែមអំពីលទ្ធភាពក្នុងការបង្កើតវគ្គបណ្តុះបណ្តាលនិងការផ្លាស់ប្តូរបទពិសោធន៍រវាងមន្ត្រីជំនាញនិងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តាមរយៈការរៀបចំសិក្ខាសាលា និងវេទិកានានា នៅប្រទេសកម្ពុជា ឬនៅប្រទេសទីម័រ។
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបង្ហើបឱ្យដឹងថា កម្ពុជាបានរកឃើញតំបន់មានប្រេងកាតទាំងនៅក្នុងសមុទ្រ និងលើគោកចំនួន២៥ប្លុក ដែលអាចផលិតប្រេងបានចំនួន៥លានតោនក្នុង១ឆ្នាំៗ ។
បើតាមក្រសួងរ៉ែ និងថាមពល តំបន់ប្រេងនៅសមុទ្រ មានចំនួន៦ប្លុក គឺប្លុក A.B.C.D.E និងប្លុកF ប៉ុន្តែប្លុកA និងប្លុកB ដែលចាប់ផ្តើមផលិតនៅឆ្នាំ២០២០កន្លងទៅ ដោយក្រុមហ៊ុន KRISENERGY របស់ប្រទេសសិង្ហបុរី ។ តំបន់ប្លុកA អាចផលិតបាននៅដំណាក់កាលទី១ ចំនួន៣១លានបារ៉ែល ហើយប្លុកC មានក្រុមហ៊ុនម៉ាឡេស៊ីកំពុងសិក្សាស្រាវជ្រាវ និងប្លុកមួយចំនួនទៀតមានក្រុមហ៊ុនផ្សេង កំពុងដាក់ពាក្យសុំរុករក និងស្រាវជ្រាវនាពេលឆាប់ៗនេះផងដែរ ។
ចំណែកតំបន់ប្រេងនៅលើគោកវិញ ក្រសួងរ៉ែបានរកឃើញនៅខេត្តកំពង់ធំ ដោយមានចំនួន ១៩ ប្លុក ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនប៉េត្រូរបស់វៀតណាមបានដាក់ពាក្យសុំសិក្សាស្រាវជ្រាវ និងប្លុកប្រេងចំនួន១៨ប្លុកទៀត គឺពុំទាន់មានក្រុមហ៊ុនណាមួយស្ម័គ្រចិត្តចូលឡើយ។
បើទោះបីជាកម្ពុជា ប្រកាសរកឃើញមានប្លុកប្រេងកាតចំនួន៦ នៅដែនសមុទ្រ និងចំនួន១៨ប្លុក នៅដែនគោកក៏ដោយ រហូតមកដល់ពេលបច្ចុប្បន្ន តំណក់ប្រេងដំបូងបន្ដត្រឹមជាក្តីសង្ឃឹមនៅឡើយ សម្រាប់រដ្ឋាភិបាល និងប្រជាជនកម្ពុជា។
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានចាត់ទុកការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា និងជាជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា៕