រដ្ឋមន្រ្តី៤រូប អមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីចំនួន៤រូប ត្រូវបានដាក់អោយអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅចូលរួម និងជាសហប្រធាននៃកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា រដ្ឋមន្ត្រីទាំង៤រូបនោះ រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ដោយឡែកក្រៅពីរដ្ឋមន្ត្រីទាំង៤រូបនេះ ក៏មានវត្តមាន មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅកាន់ទឹកដីសហរដ្ឋអាមេរិកនេះដែរ។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោក ចូ ចៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយសម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ ត្រូវដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងជាសហប្រធាននៃកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង៧៖៤៥នាទី នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ៕