ដើមឆ្នាំ ២០០០ អ្នកវិនិយោគកូរ៉េបានចាប់ផ្តើមបង្ហូរទុនលើវិស័យអចលទ្រព្យ តាមរយៈគម្រោងអភិវឌ្ឍលំនៅដ្ឋាន និងការបង្កើតទីក្រុងរណបដែលប្រើប្រាស់ទុនរាប់លានដុល្លារ។
គម្រោងដ៏ធំបំផុតដែលគេស្គាល់ធំជាងគេគឹ Camko City ជាគម្រោងខ្នាតយក្សដែលអភិវឌ្ឍខុនដូរ និងផ្ទះរាប់សិបល្វែងនៅជាយក្រុងភ្នំពេញ។ គម្រោងមួយទៀតគឺអគារ Golden Tower ៤២ ជាអគារខ្ពស់បំផុតនៅកណ្តាលក្រុងភ្នំពេញ។


គម្រោងអភិវឌ្ឍទីក្រុងរណប Camko City បានចាប់ផ្តើមរៀបចំសាងសង់នៅឆ្នាំ២០០៧ លើផ្ទៃដីជាង ១០០ ហិកតា នៅអតីតបឹងពោងពាយ ដោយនាំមកស្តង់ដាលំនៅដ្ឋានពាណិជ្ជកម្មកម្រិតអន្តរជាតិលើកដំបូងក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជា។
ប៉ុន្តែសកម្មភាពអភិវឌ្ឍទីក្រុងរណប Camko City មានការអូសបន្លាយដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក កង្វះខាតហិរញ្ញវត្ថុ និងវិបត្តិហិរញ្ញវត្ថុរបស់ដៃគូវិនិយោគ។
គម្រោងអចលនទ្រព្យដ៏ធំមួយទៀតរបស់កូរ៉េនៅកម្ពុជាគឺការសាងសង់អគារកម្ពស់ ៤២ ជាន់ Golden Tower 42 ចំកណ្តាលក្រុងភ្នំពេញដែលចំណាយទុនវិនិយោគជាង ២៤០ លានដុល្លារ។ មានកម្ពស់ជាង ២០០ម៉ែត្រ ជាអគារដ៏ខ្ពស់បំផុត ដែលរួមបញ្ចូលទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ និងលំនៅឋាន។

ដំណើរការសាងសង់អគារលេចត្រដែតនេះ មានបញ្ហាបន្តបន្ទាប់។ ក្រោយផ្អាកការសាងសង់លើកដំបូងក្នុងឆ្នាំ ២០០៨ និងបានចាប់ផ្តើមឡើងវិញក្នុងឆ្នាំ២០១០ ហើយបានផ្អាកការសាងសង់លើកទី២ នៅឆ្នាំ ២០១១ និងបានបន្តដំណើរការសាងសង់ឡើងវិញនៅឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះនៅមិនទាន់ប្រកាសអាចបញ្ចប់នៅពេលណានោះទេ។

ដោយឡែកគម្រោងប៊ូយ៉ុងថោន ក៏ជាគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំដែលទទួលការចាប់អារម្មណ៍ ក្រោមការវិនិយោគរបស់អ្នកវិនិយោគកូរ៉េ។
អគារពាណិជ្ជកម្មចម្រុះដែលមាន បានសាងសងបញ្ចប់ដំណាក់កាលទីមួយដែលប្រើប្រាស់ទឹកប្រាក់វិនិយោគជាង១០៥លានដុល្លារអាមេរិក៕