ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹថា គិតមកដល់ពេលនេះ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនប្រមាណ ១៦លានដុល្លារអាមេរិកហើយ។ នេះបើតាមសារតាមបណ្តាញតេឡេក្រាមរបស់សម្តេច នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ខណៈសម្តេច និងគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំពីកំពូលពិសេសអាស៊ាន-អាមេរិក២០២២។
តាមរយៈសារសំឡេងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតផ្តល់ព័ត៌មាន នៃការទទួលបានថវិកាជំនួយរបស់កាកបាទក្រហមកម្ពុជាផងដែរ ខណៈកាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនប្រមាណ ១៦លានដុល្លារអាមេរិកហើយ។ សម្តេច បានចាត់ទុកថា ចំនួនថវិកានេះ ជាចំនួនមួយដ៏ច្រើន បើទោះបីមិនមានពិធីជួបជុំប្រារព្ធពិធីក៏ដោយ ហើយការចូលរួមរបស់សប្បុរសជននឹងរួមចំណែកឱ្យកាកបាទក្រហម បានធ្វើសកម្មភាពនានាជួយដល់ប្រជាពលរដ្ឋខ្វះខាត។
ឆ្លៀតពេលនោះសម្តេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានប្រោសប្រទានព្រះរាជទ្រព្យ និងបរិច្ចាគថវិកា ចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានធ្វើដំណើរចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នេះឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំពីកំពូលពិសេសអាស៊ាន-អាមេរិក២០២២។ អ្នកតាមដានយល់ថាកម្ពុជាអាចមានឱកាសច្រើនក្នុងការបង្កើនទំនាក់ទំនងល្អជាមួយអាមេរិកឡើងវិញ។
យន្តហោះពិសេសជូនដំណើរ សម្ដេចតេជោ ឆ្ពោះទៅទឹកដីអាមេរិកបានចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោងប៉ុន្មាន ៧និង ៤៥នាទីព្រឹក។ សម្ដេចនឹងអវត្តមានពីកម្ពុជាប្រមាណជាង ៥ថ្ងៃ រហូតដល់ថ្ងៃទី១៥ ខែឧសភា ទើបមកដល់រាជធានីភ្នំពេញវិញ៕