ក្រុមហ៊ុន​លក់​ទំនិញ​រាយ​ធំ​បំផុត​លើ​លោក Walmart ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រមទាំងលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart និងសហការី ដែលមានចំណាប់អារម្មណ៍ក្នុងការពង្រីកការធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបអំពីសមិទ្ធផលថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជា ការចរចាបង្កើតទីផ្សារថ្មីៗបន្ថែមទៀតតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបន្ថែម ព្រមទាំងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ ការកាត់បន្ថយនីតិវិធីនិងកិច្ចសម្រួលពាណិជ្ជកម្មនានា ដែលបានជួយសម្រួលយ៉ាងច្រើនដល់ការធ្វើធុរកិច្ចនិងពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបអំពីស្ថានភាពល្អប្រសើរនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩។

ក្នុងឱកាសនោះដែរ លោកស្រី Anbinh Phan បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ក៏ដូចជាអបអរសាទរចំពោះការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ព្រមទាំងជម្រាបជូនអំពីចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលរបស់កម្ពុជាបន្ថែមទៀត ដូចជា គ្រឿងសង្ហារឹម ផ្លែឈើ ម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិក ជាដើម។

ទន្ទឹមនឹងនេះ លោកស្រី ក៏បានជម្រាបផងដែរ អំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ការពង្រឹងភាពជាដៃគូក្នុងសកម្មភាពធុរកិច្ចនិងវិនិយោគ ដែលនឹងចូលរួមចំណែកក្នុងការបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្រ្តី ការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

លើសពីនេះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានស្នើឱ្យក្រុមហ៊ុន Walmart ពិនិត្យលទ្ធភាពក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមានសក្តានុពលនានាបន្ថែមទៀតនៅកម្ពុជាផងដែរ និងបង្ហាញពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្មក្នុងការសហការ និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា៕