ផលិតផលដំឡូងមី ត្រូវបានចាត់ទុកថាជាកសិផលសំខាន់ និងមានការដាំដុះច្រើនជាងគេលំដាប់ទី២នៅកម្ពុជាបន្ទាប់ពីស្រូវ។ យ៉ាងណាមិញ ទីផ្សារដំឡូងមីសម្រាប់នៅឆ្នាំ២០១៩នេះ បានបង្ហាញនូវសញ្ញាល្អសម្រាប់ប្រជាកសិករ ខណៈដែលតម្លៃមានភាពសមប្រកបជាងឆ្នាំទៅមិញ។

ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា សមាជិកសហគមន៍កសិកម្ម ផលិតដំឡូងមី ចំនួន៨ ក្នុងខេត្តព្រះវិហារ កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលផលដំណាំដំឡូងមី លក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា ដោយភាពសប្បាយរីករាយ។

ឯកឧត្តម វេង សាខុន បានបញ្ជាក់បន្តថា តម្លៃទីផ្សារដំឡូងមីក្នុងខេត្តព្រះវិហារ នៅឆ្នាំនេះ ល្អប្រសើរជាងឆ្នាំកន្លងទៅ។ ជាងនេះទៀត ឯកឧត្តមថា បើតាមរបាយការណ៍លទ្ធផល សម្រេចបានក្នុងការផលិត និងការនាំចេញផលិតផលដំឡូងមីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានប្រមូលផលដំឡូងមី ប្រមាណ ១៤ លានតោន លើផ្ទៃដីជិត៧០ម៉ឺនហិកតា។

រដ្ឋក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ បានបញ្ជាក់ដែរថា សម្រាប់ឆ្នាំ ២០១៩ នេះដែរ កម្ពុជាទទួលបានប្រាក់ចំណូលសរុបជាង ៤១២ លានដុល្លារអាមេរិក ពីការនាំចេញផលិតផលដំឡូងមី ទៅកាន់ទីផ្សារអន្តជាតិ៕
អត្ថបទ៖ សិរីការ