វៀតណាម នឹងជួយជំរុញការវិនិយោគផលិតកង់នៅកម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងអង់គ្លេស

សង្គម​ និង​សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ជួបចរចាជាមួយសមភាគីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ដើម្បីពិភាក្សាអំពីការបន្តរក្សាខ្សែច្រវ៉ាក់រវាងឧស្សាហកម្មប្រទេសទាំងពីរ បន្ទាប់ពីវៀតណាមបានចុះហត្ថលេខា និងដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបលើកនេះ ភាគីកម្ពុជាដឹកនាំដោយលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងវិស័យឯកជន ចំណែកភាគីវៀតណាម ដឹកនាំដោយលោក ត្រឹង វឹកខាន់ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម នៅទីក្រុងហូជីមិញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ។

លោក សុខ សុភ័ក្រ្ត បានថ្លែងថា ភាគីទាំងពីរបានយល់ស្របគ្នា ក្នុងការរក្សាឱ្យបាននូវនិរន្តរភាពនៃខ្សែច្រវ៉ាក់តម្លៃរវាងឧស្សាហកម្មវៀតណាម ជាមួយឧស្សាហកម្មកម្ពុជា បន្ទាប់ពីវៀតណាមបានចុះហត្ថលេខានិងដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប គឺជាកិច្ចការដ៏ចាំបាច់និងសំខាន់បំផុត ដើម្បីរក្សាបាននូវវិនិយោគផលិតកង់នៅកម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងអង់គ្លេស ដែលមានការនាំចូលគ្រឿងបន្លាស់មួយចំនួនដែលផលិតនៅវៀតណាមមករួមបញ្ចូលក្នុងផលិតកម្មនៅកម្ពុជាផងដែរ។

បើតាមលោករដ្ឋលេខាធិការ ការរួមគ្នាបន្តខ្សែច្រវ៉ាក់តម្លៃនេះ នឹងផ្តល់ផលចំណេញដល់ការរីកចម្រើននៃឧស្សាហកម្មនៃប្រទេសទាំងពីរ និងជំរុញឱ្យមានការតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃក្នុងតំបន់អាស៊ាន។

ទន្ទឹមនឹងនោះ កម្ពុជា និងវៀតណាម ក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តសហការគ្នាយ៉ាងជិតស្និទ្ធិ ដើម្បីបញ្ចប់ការពិគ្រោះយោបល់ផ្ទៃក្នុងរៀងៗខ្លួន ហើយជូនដំណឹងឱ្យគ្នាទៅវិញទៅមកឱ្យបានឆាប់ៗ នាពេលខាងមុខនេះ៕