សម្ដេច ហ៊ុន សែន​ ប្រាប់អតីតសមាជិកព្រឹទ្ធសភាអា​មេ​រិក​ ថា​កម្ពុជាចង់​ធ្វើមិត្តគ្រប់បណ្តា​ប្រទេសទាំងអស់​រួមទាំងអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា​ពិតជាចង់ធ្វើមិត្ត​របស់​អាមេរិក តែ​មិនអាច​កំណត់ឲ្យ​រើសរវាងអាមេរិក ឬចិននោះឡើយ ហើយកម្ពុជាមាន​នយោ​បាយ​​អព្យាក្រឹត ដែលមានចែង​ក្នុងរដ្ឋធម្មនុញ្ញ ដូចនេះកម្ពុជាចង់ធ្វើមិត្តគ្រប់​បណ្តាប្រទេស​ទាំង​អស់​រួមទាំងអាមេរិកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ដូចនេះ បានធ្វើឡើងនៅពេលទទួលជួប​ពិភាក្សាការងារជាមួយ លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិក​ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីទំនាក់ទំនងរវាងកម្ពុជា និងសហ​រដ្ឋ​អាមេរិក ដែលឆ្នាំនេះគឺជាខួប ៧២ឆ្នាំហើយ នៃកិច្ចសហប្រតិបត្តិការកម្ពុជា និងអា​មេរិក ទំនាក់​ទំនង​បានចាប់ផ្ដើមឡើងនៅឆ្នាំ១៩៥០ ។ តាមរយៈទំនាក់ទំនងដែល​មានរយៈពេល ៧២ឆ្នាំ​នេះ គឺឈានដល់កម្រិត​មួយដែលមិន​ធ្លាប់មានពីមុនមក​រវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈទំនាក់ទំនងល្អប្រសើរនេះ បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាមេរិក ក៏កំពុងមានកំណើនគួរឱ្យកត់​សម្គាល់​ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនាពេ​លនេះ គឺជាឱកាសដ៏កម្រសម្រាប់អាស៊ាន-អាមេរិក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន-អាមេរិក។

ជាមួយគ្នានវ លោក ដូណាល់ បេនតុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន​ចំពោះសម្តេច​តេជោ ដែល​បាន​ផ្តល់ការអនុញ្ញាតឱ្យរូបលោក ជួបពិភាក្សាការងារ និងបានគូសបញ្ជាក់ពីគោលបំណង​នៃដំណើរបំពេញទស្សនកិច្ចនៅ​រដ្ឋវ៉ាស៊ីនតោន​នាពេលនេះ ៕