វិស័យកសិកម្ម នៅតែត្រូវបានរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ប្រជាជនប្រមាណជា ៧៦% នៃចំនួនប្រជាជនសរុប កំពុងរស់នៅតំបន់ជនបទ ខណៈវិស័យកសិកម្មបានផ្តល់ការងារចំនួន ៣១,២% នៃចំនួនការងារសរុប និងបានចូលរួមចំណែក ២០,៧% ចូលទៅក្នុងផលិតផលក្នុងស្រុកសរុប (ផ.ផ.ស) ក្នុងឆ្នាំ២០១៩។
ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងពីរដ្ឋធានីវ៉ាស៊ីនតោន ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង ២ពាន់នាក់ កាលពីថ្ងៃទី១១ ខែឧសភា បានឱ្យដឹងថា កម្ពុជាសល់ស្រូវប្រមាណ៦លានតោន ហើយសល់អង្ករ ៤លានតោន។

ទន្ទឹមនឹងនោះ វិស័យកសិកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាវិស័យតែមួយគត់ដែលមិនសូវរងផលប៉ះពាល់ខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩។ ក្នុងចំណោមផលិតផលកសិកម្មទាំងអស់ ស្រូវគឺជាផលិតផលកសិកម្មសំខាន់ជាងគេ ដែលបានចូលរួមចំណែកជិតពាក់កណ្ដាលនៃវិស័យកសិកម្មទាំងមូលទៅក្នុងផលិតផលក្នុងស្រុកសរុប (ផ.ផ.ស) និងមានការនាំចេញស្រូវ-អង្ករមានការកើនឡើងយ៉ាងឆាប់រហ័សដោយសារការកើនឡើងតម្រូវការសរុប។
ជាមួយគ្នានេះ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបានសម្រេចការនាំចេញអង្ករបាន ចំនួន ២២១ ១៣៨ តោន និងនាំចេញស្រូវបានចំនួន ១ ៦៤៨ ៤៧៤ តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន ៥១៦.២១ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ។
ដោយឡែក ការនាំចេញស្រូវគ្រប់ប្រភេទឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាមបានចំនួន ១ ៦៤៨ ៤៧៤ តោន គិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជាចំនួន ៣៧៦.៦៤ លានដុល្លារសហរដ្ឋអាមេរិក៕

