ទំហំពាណិជ្ជកម្ម​កម្ពុជា​វៀតណាម​ឆ្នាំ​២០២២ អាច​កើន​ដល់ ១០ ពាន់​លាន​ដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ​បានលើកឡើង​ចំពោះ​ជនរួមជាតិ​នៅ​សហរដ្ឋអាមេរិក​នៅព្រឹកនេះ​ថា ទំហំពាពាណិជ្ជកម្ម​កម្ពុជា​វៀតណាម​​បាន​កើនឡើងខ្លាំងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានរហូតដល់ ៩៥០០ លានដុល្លារ ខណៈ ​៤ ខែដើមឆ្នាំ២០២២នេះ សម្រេចបាន៤ពាន់លាន ដូច្នេះឆ្នាំនេះអាចឡើងដល់១០ពាន់លានដុល្លារ។ នេះ​បើ​តាម​​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន បាន​​បញ្ជាក់​ក្នុង​ខណៈ​ជួប​សំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ទំហំនៃការនាំចូលរបស់កម្ពុជាទៅវៀតណាម​គឺ​ច្រើនជាងវៀតណាមនាំចូលនៅកម្ពុជា។ សម្តេចតេជោបញ្ជាក់ថា ក្នុងនាមប្រទេសជិតខាងត្រូវសន្ទនាគ្នា ហើយ​ក៏​មិនត្រឹមតែជាមួយ​វៀតណាម​ទេ ត្រូវធ្វើជាមួយប្រទេសទាំងអស់ដើម្បីពង្រីកទំហំពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។

ជាមួយគ្នានេះ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានបង្ហាញពី​ពាណិជ្ជកម្មកម្ពុជា និងអាមេរិក ដោយ​កម្ពុជា​បាន​នាំចេញ​ទៅ​អាមេរិកមានរហូតដល់ជាង ៩ពាន់លានដុល្លារអាមេរិក ស្រប​ពេល​ដែល​ក្រុមហ៊ុនអាមេរិកជាច្រើនកំពុង​តែវិនិយោគនៅក្នុងប្រទេសកម្ពុជា និងកំពុងធ្វើការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​ស្ថានភាពសេដ្ឋកិច្ច​កម្ពុជា​ដោយសារវិបត្តិ​សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦% មកនៅត្រឹម ៥.២% សម្រាប់ឆ្នាំ២០២២៕