ក្រុមហ៊ុន ហ្គ្រីន ស៊ី នឹងត្រូវការកម្មករ៣០០នាក់ ដើម្បីប្រមូលផល និងវេចខ្ចប់ផ្លែស្វាយនាំចេញទៅទីផ្សារចិន

សង្គម​ និង​សេដ្ឋកិច្ច

នាពេលអនាគតដល់រដូវប្រមូលផលនៅឆ្នាំ២០២៣ ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ ត្រូវការកម្មករចំនួន ៣០០នាក់ ទាំងអ្នកប្រមូលផល និងវេចខ្ចប់ ដើម្បីរៀបចំការនាំចេញទៅកាន់ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Amber Cernobs លេខាទី១ នៃស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា ចុះពិនិត្យមើលវឌ្ឍនភាពការងារក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ ស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

បើតាមលោក Jacky នាយកចាត់ការទូទៅនៃក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ បានឲ្យដឹងថា ស្ថានភាពផលិតកម្មផ្លែស្វាយរបស់ក្រុមហ៊ុនរួមមាន ៖ ពូជត្រូវបាននាំចូលពីប្រទេសតៃវ៉ាន់ អាមេរិក និងអូស្រ្តាលី មានពូជ ៖ R2E2 , Jinh Wang , Keitt Mango , Red Golden Dragon, Tainong , Guire ជាមួយនឹងថ្នាលកូនស្វាយពូជអាយុបីឆ្នាំ សម្រាប់ដាំដុះបន្ត ។

លោកបន្តថា មកទល់នឹងបច្ចុប្បន្ននេះក្រុមហ៊ុនបានដាំដុះលើផ្ទៃដីសរុបចំនួន ១ ២០០ ហត ហើយ ស្មើនឹង ១២% ធៀបនឹងផែនការមលើផ្ទៃដីទំហំ ៩ ៧៧២,១១៧៦ហត។ បច្ចុប្បន្នមានបុគ្គលិក កម្មករបម្រើការសរុប ២០៥នាក់ ក្នុងនោះបុគ្គលិកខ្មែរ ២៨នាក់ បរទេស ៨នាក់ កម្មករខ្មែរអចិន្ត្រៃយ៍ ១៩នាក់ កម្មករអណ្ដែត ១៥០នាក់ ហើយអនាគតដល់រដូវប្រមូលផលនៅឆ្នាំ២០២៣ ក្រុមហ៊ុននឹងត្រូវការកម្មករចំនួន ៣០០នាក់ទាំងអ្នកប្រមូលផល និងវេចខ្ចប់ ដែលភាគច្រើនគឺជាពលរដ្ឋនៅមូលដ្ឋាននេះតែម្តង។


បន្ថែមពីនេះដែរ លោកបានបញ្ជាក់ថា កម្មវត្ថុនៃផលិតកម្ម គឺការនាំចេញទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសវៀតណាម ថៃ និងកំពង់ផែក្នុងព្រះសីហនុ។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានចំណាយថវិកាជិត ៧០លានដុល្លារហើយ។

បច្ចុប្បន្នការដឹកជញ្ជូន គឺជាបញ្ហាចំបងសម្រាប់ក្រុមហ៊ុន ចំណុចនេះលោកបានអះអាងថា ក្រុមហ៊ុននឹងរៀបចំមធ្យោបាយដឹកជញ្ជូន និងរួមទាំងទូត្រជាក់ផងដែរដើម្បីកាត់បន្ថយថ្លៃដើម។ ដោយឡែកការងារបច្ចេកទេស ក្រុមហ៊ុនបានដាក់ពាក្យចុះបញ្ជីចម្ការស្វាយនៅអគ្គនាយកដ្ឋានកសិកម្ម ហើយទទួលបានកិច្ចសហការល្អមកវិញគឺអគ្គនាយកដ្ឋានបានបញ្ជូនមន្រ្តីជំនាញចុះមកណែនាំអំពី បច្ចេកទេសដាំ ប្រមូលផល វេចខ្ចប់ និងជាពិសេសលក្ខខណ្ឌតម្រូវនៃភូតគាមអនាម័យជាទូទៅ។ នេះបើតាមការឲ្យដឹងបន្ថែមពីតំណាងក្រុមហ៊ុនខាងលើ។

ជាការឆ្លើយតប លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យបន្តខិតខំលើការងារផលិតកម្មបន្ថែមទៀត ពិសេសការអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ បើទោះសកម្មភាពនៃការនាំចេញបាននិងកំពុងតែប្រឈម ហើយនេះមិនមែនតែប្រទេសកម្ពុជាទេ តែជាបញ្ហាសកលដែលមិនអាចចៀសវាងបាន។
មួយវិញទៀត លោក ក៏ស្នើឲ្យក្រុមហ៊ុនត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើយ៉ាងណាឲ្យកិច្ចដំណើរការនៃការវិនិយោគនេះប្រព្រត្តិទៅដោយរលូន និងទទួលបានជោគជ័យ៕