លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយលោកស្រី COLONNE APPUHAMILLAGE CHAMINDA INOKA COLONNE ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសស្រីលង្កាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដើម្បីពិភាក្សាការងារសំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

នៅក្នុងជំនួបនោះ លោក ពេជ ឫទ្ធី ក៏បានប្រាប់អំពីសក្តានុពលធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយ ចិន កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជាដើម។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការក៏បានលើកទឹកចិត្តឱ្យធុរជនស្រីលង្កាពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន និងបានជំរុញឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការធុរកិច្ចបន្ថែមទៀតតាមរយៈសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងជំនួបដដែលនោះ លោកស្រី COLONNE APPUHAMILLAGE CHAMINDA INOKA COLONNE ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសស្រីលង្កាប្រចាំកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និងស្រីលង្កា អាចបង្កើតជើងហោះហើរត្រង់ ដើម្បីជំរុញដល់វិស័យធុរកិច្ចនិងទេសចរណ៍រវាងប្រទេសទាំងពីរ។

លោកស្រីបន្តថា ដើម្បីអបអរសាទរខួបទំនាក់ទំនងការទូតលើកទី៧០ ដែលគ្រោងនឹងរៀបចំឡើងក្នុងឆ្នាំនេះ ភាគីទាំងពីរនឹងពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍ផ្គូរផ្គងធុរកិច្ចក៏ដូចជាជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ។
ទន្ទឹមនឹងនោះ ភាគីទាំងពីរ បានប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងដ៏ល្អ និងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕