អគ្គស្នងការ​នគរ​បាល​ជាតិស​ម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​មជ្ឈមណ្ឌល​ជាតិ​ត្រួត​​ពិ​និត្យ​ឧប​​ករណ៍​សម្ភារៈ បរិក្ខា​​ពន្លត់​​​​​អគ្គីភ័យ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌល​ជាតិ ត្រួតពិនិត្យគុណភាព ឧបករណ៍ សម្ភារៈបរិក្ខា បង្ការពន្លត់អគ្គីភ័យ និងវិទ្យា​ស្ថាន​ជាតិ សុវត្ថិភាព និងពន្លត់អគ្គីភ័យ នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ ក្រោម​អធិបតី​ភាពឯកឧត្តម ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានថ្លែង​កោត​សរសើរវាយតម្លៃខ្ពស់ និងលើកទឹកចិត្តចំពោះការ​សម្រេចបង្កើតឡើងនូវ​មជ្ឈម​ណ្ឌល និងវិទ្យាស្ថានជាតិសុវត្ថិភាព និងពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន CFE ដែល​បាន​រួមចំណែកជួយពង្រឹងការបង្ការ និងពន្លត់អគ្គីភ័យ ស្របពេលដែលបច្ចុប្បន្នកំពុង​ប្រ​ឈម​កង្វះខាតបច្ចេកទេស ក្នុងការត្រួតពិនិត្យលើឧបករណ៍បរិក្ខា ដែលនាំចូល​ពីបរ​ទេស ក៏ដូចជាកំពុងមានការខ្វះការយល់ដឹងអំពីលក្ខណ្ឌ វិធានការបង្ការ និងពន្លត់​អគ្គីភ័យ កង្វះអ្នកបច្ចេកទេសជំនាញ និងវិទ្យាស្ថានបណ្តុះបណ្តាល ដើម្បីធ្វើជា​ថ្នាលសាបព្រួស នូវចំណេះដឹងឲ្យបានទូលំទូលាយ សំដៅសម្រេចឲ្យបាន​តាមគោល​ដៅចុងក្រោយគឺ « យើងរួមគ្នាបង្ការ និងពន្លត់អគ្គីភ័យ»។

ឯកឧត្តមបន្ថែមថា កម្ពុជា មានមោទនភាព ដែលមានមន្ទីរពិសោធន៍ និងសាលាបណ្តុះ​បណ្តាលជាលើកដំបូងសម្រាប់ធ្វើតេស្តគុណភាព ឧបករណ៍អគ្គីភ័យ និងបណ្តុះវិជ្ជាជីវៈ​ជំនាញ​អគ្គីភ័យដោយខ្លួនឯង។

ជាមួយគ្នានេះ លោកឧកញ៉ា វ៉ាង គឹតមែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនា​យកក្រុមហ៊ុន CFE បានមានប្រសាសន៍ថា ក្រុមហ៊ុន CFE នឹងសហ​ការផ្ទាល់ជា​មួយ​អង្គភាពនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ក្នុងការត្រួតពិនិត្យការផលិត ការ​នាំចូល ការចែកចាយផលិតផលបង្ការ និងពន្លត់អគ្គីភ័យឲ្យបានហ្មត់ចត់ និងស្នើដាក់​ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញវិញ្ញាប័នបត្របញ្ជាក់គុណភាព លើរាល់​ផលិតផលបង្ការ និងពន្លត់អគ្គីភ័យ ស្របតាមបទដ្ឋានបច្ចេកទេស នូវរាល់​ផលិតផល​បង្ការ និងពន្លត់អគ្គីភ័យ ឲ្យស្របតាមស្តង់ដារជាតិ ជួយរៀបចំជាសៀវភៅស្តង់ដារជាតិ ស្តីពីបទដ្ឋានគុណភាពផលិតផលបង្ការ និងពន្លត់អគ្គីភ័យ។ លោកឧកញ៉ាបន្តថា បច្ចុប្បន្ននេះ ផលិតផលបង្ការ និងពន្លត់អគ្គីភ័យភាគច្រើន គឺពឹងផ្អែកលើការ​នាំចូល​ពីបរទេស ដែលជាឱកាសមួយសម្រាប់អ្នកនាំចូលមួយចំនួន យកផលិតផលបង្ការ និងពន្លត់អគ្គីភ័យ ដែលគ្មានគុណភាព ប្រសិទ្ធភាព ចរាចរណ៍នៅលើទីផ្សារ ដែល​អាចនាំអោយមានគ្រោះថ្នាក់ ដោយសារអគ្គីភ័យ ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យស​ម្បតិ្ត បរិស្ថាន សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងធ្វើឲ្យប្រជាពលរដ្ឋ គ្មានទំនុក​ចិត្តក្នុងការប្រើប្រាស់ ផលិតផលបង្ការ និងពន្លត់អគ្គីភ័យ។

បច្ចុប្បន្នមន្ទីរពិសោធន៍ មានលទ្ធភាពធ្វើតេស្តឧបករណ៍អគ្គីភ័យបានចំនួនជាង ១០០​ប្រភេទ ដូចជា បំពង់ពន្លត់អគ្គីភ័យ សារធាតុផ្ទុកក្នុងបំពង់ពន្លត់អគ្គីភ័យ ទុយោរមូរ ភ្លើងប្រកាសអាសន្ន-ជម្លៀសខ្លួន និងក្បាលទឹកសាចជាដើម។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ មានករណីគ្រោះ​អគ្គីភ័យ​កើត​ឡើងចំនួន ៧១៧លើក ហើយករណីដែលបង្កឲ្យមានអគ្គីភ័យមានបីចំណុចធំៗគឺ ទី១ បណ្តាលមកពីចរន្តអគ្គីសនី ទី២ ការធ្វេសប្រហែស និងទី៣ កើតឡើងដោយ​យថា​ហេតុ៕