លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយលោក ប៉ាន សូរស័កិ្ដ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាជាមួយលោក Ron Estes តំណាងរាស្ត្រនៅសង្កាត់ទី៤ នៃរដ្ឋ Kansas និងលោកស្រី Carol Miller តំណាងរាស្ត្រនៅសង្កាត់ទី៣ នៃរដ្ឋ West Virginia នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងជំនួបពិភាក្សាការងារនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់សមាជិកសភាអាមេរិកទាំងពីររូបអំពីការរីកចម្រើនរបស់កម្ពុជា វឌ្ឍនភាព និងសក្ដានុពលនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កំពង់ផែ និងភស្ដុភារកម្ម។
ជាមួយគ្នានោះ លោក ប៉ាន សូរស័កិ្ដ ក៏បានលើកឡើងអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងពាណិជ្ជកម្មពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មរ៉ែ ថាមពល និងប្រេងកាត ព្រមទាំងវិស័យកាត់ដេរ ជាពិសេសច្បាប់ស្ដីពីការវិនិយោគកម្ពុជា ដែលមានលក្ខណៈបើកចំហដ៏ល្អប្រសើរជាងគេមួយនៅតំបន់អាស៊ី។
ទន្ទឹមនឹងនោះដែរ លោក Ron Estes បានលើកឡើងពាក់ព័ន្ធនឹងបច្ចេកវិទ្យានៃការផលិតយន្តហោះ យានយន្ត និងឧស្សាហកម្មកម្មន្តសាលផ្សេងៗសម្រាប់នាំចេញទៅក្រៅប្រទេស។ ចំណែកលោកស្រី Carol Miller បានផ្ដោតលើវិស័យឧស្សាហកម្មថាមពល ដូចជា៖ ធ្យូងថ្ម ប្រេង និងឧស្ម័ន ដែលគោលបំណងសំខាន់នៃការលើកឡើងនេះ សំដៅចង់រឹតចំណងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។
សូមជម្រាបថា លោកទេសរដ្ឋមន្ត្រី បានអញ្ជើញសមាជិកសភាអាមេរិកទាំងពីររូបមកបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងខែសីហា ឆ្នាំ២០២២ នាពេលខាងមុខ ហើយជាការឆ្លើយតបសមាជិកសភាអាមេរិកទាំងពីររូប បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់លោក ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបន្តជជែកពិភាក្សាបន្ថែមទៀតអំពីកិច្ចសហប្រតិបត្តិការ ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញវិនិយោគិនអាមេរិកមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត និងអាចមើលឃើញអំពីស្ថានភាពរីកចម្រើនរបស់កម្ពុជាដោយផ្ទាល់ផងដែរ៕




