ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តនានា ស្របតាមប្លង់គោលប្រើប្រាស់ដីក្រុងកែប ចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីប្រែក្លាយខេត្តកែបទៅជាតំបន់ទេសចរណ៍ល្អប្រណីតកម្រិតខ្ពស់ នាពេលអនាគតឲ្យ ស័ក្តិសមជាខេត្តតារារះនាទិសនិរតី ខណៈដែលកន្លង ខេត្តកែបក៏បានទទួលជ័យលាភីនានាទាំងថ្នាក់ជាតិ និងអន្តរជាតិរួចមកហើយដែរ។
ការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីសម្ពោធផ្លូវបេតុង ប្រវែងជិត៣គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី១៣ ឧសភា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថា មកដល់ពេលនេះ ខេត្តកែបមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ ដោយទ្បែកហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង ដោយរដ្ឋបាលខេត្តបានខិតខំស្តារកសាង និងជួសជុលទ្បើងវិញ ដោយរួមមានទាំងផ្លូវអ៊ុតកៅស៊ូ ផ្លូវបេតុង ផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែ ការពង្រីកឆ្នេរ និងការបង្កើតកំពង់ផែ ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង អាងប្រព្រឹត្តកម្មចម្រោះទឹកកង្វក់ និងឡដុតសម្រាមវេជ្ជសាស្ត្រជាដើម។

ឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា សមទ្ធិផលទាំងនេះ កើតឡើងដោយសារខេត្តកែប មានថ្នាក់ដឹកនាំល្អ និងមានការខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋពីសំណាក់មន្ត្រីរាជការ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋផ្ទាល់នៅក្នុងការជ្រើសរើសអ្នកដឹកនាំមូលដ្ឋានបានត្រឹមត្រូវក្នុងរយៈកាលកន្លងមកនេះ។

គួរបញ្ជាក់ថា ខេត្តកែប គឺជាខេត្តមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ២០០៨។ ខេត្តកែបមានសក្តានុពលយ៉ាងច្រើនសម្បូរបែបដែលមានឆ្នេរកែប តំបន់សក្តានុពលកោះ បាតសមុទ្រ ក៏ដូចជាសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងកសិ-ទេសចរណ៍ជាច្រើនផងដែរ។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍កម្ពុជា ក៏បានពិភាក្សា និងសិក្សារៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែបឆ្នាំ២០២១-២០៣៥ ដែលមានគោលបំណង ប្រែក្លាយខេត្តកែប ជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ ប្រកបដោយសុវត្ថិភាព ភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ ៕

