រោងចក្រផលិតចំណីអាហារ​​របស់​​មហាសេដ្ឋី​មាន​បំផុត​​នៅ​​ថៃ​​ បើក​​ដំណើរការ​នៅ​ខេត្ត​កំពត

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ដែលជា​សាខា​របស់ក្រុមហ៊ុន CP របស់​មហាសេដ្ឋី​ថៃ​ Chearavanont បានបើក សម្ពោធជាផ្លូវការ រោងចក្រផលិតចំណីអាហារ នៅក្នុងខេត្តកំពត ដែលជារោងចក្រផលិតចំណីអាហារស្តង់ដារ ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​បើក​រោងចក្រ​ផលិតអាហារ​ស្តង់ដារ​ដ៏​ធំនេះ ធ្វើ​ឡើង​កាលពីថ្ងៃទី១២​ ខែឧសភា ឆ្នាំ ២០២២ ក្រោម​ការ​ចូលរួមពី​សម្តេច​ក្រឡាហោម​​ ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​និង​ភ្ញៀវកិត្តិយសសំខាន់ៗជាង ១ ០០០​ នាក់។

លោក​​ Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់បាន​ឲ្យ​ដឹង​ថា ការបង្កើតរោងចក្រផលិតចំណីអាហារនេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ស្តង់ដារគុណភាពនៃការផលិតចំណីអាហារនៅកម្ពុជាឱ្យមានស្តង់ដារអន្តរជាតិ និងដើម្បីឱ្យប្រជាជនកម្ពុជាទទួលទានអាហារដែលមានគុណភាព អនាម័យ នឹងដែលជាផលិតផលផលិតក្នុងស្រុក។

ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំកាត់បានដំណើរការអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារនៅប្រទេសកម្ពុជាជាង ២៦​ឆ្នាំ​ហើយ ជាមួយនឹងចក្ខុវិស័យ “ផ្ទះបាយពិភពលោក”។

សម្តេច​ ស ខេង​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា វត្តមានរបស់ក្រុមហ៊ុន ស៊ីភី បានរួមចំណែកក្នុងការផ្គត់ផ្គង សាច់ស្រស់ ផលិតផលចំណីអាហារ ដែលមានអនាម័យ និងតម្លៃសមរម្យ និងបង្កើតទីផ្សារនៅកម្ពុជា ហើយក្រុមហ៊ុនជួយបានទិញ ដំណាំកសិកម្មដូចជា ពោត ដំឡូងមី ស្រូវ ពីប្រជាជនកម្ពុជា។

សម្តេច​ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុនជួយបន្តគាំទ្រ និងបង្កើតរោងចក្រផលិតចំណីអាហារបន្ថែមទូទាំប្រទេស និងផ្ដល់បច្ចេកទេស ចំណេះដឹង ដល់ស្ថាប័នក្រសួងនានា ប្រជាជនផងដែរ​។

ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ជាក្រុមហ៊ុនមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ដោយអាជីវកម្មទាំងអស់ត្រូវបានបែងចែកជា ៣ ប្រភេទ គឺ អាជីវកម្មផលិតចំណីសត្វ (Feed) អាជីវកម្មចិញ្ចឹមសត្ វ(Farm) និងអាជីវកម្មចំណីអាហារ (Food)៕