តាមរយៈជំនួបពិភាក្សាការងារជាមួយរវាង ក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ គណៈប្រតិភូធុរកិច្ចអូទ្រីស បានបង្ហាញបំណងចង់ធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការគ្រប់គ្រងថាមពលនៅកម្ពុជា។
នាឪកាសនោះ ក្រុមធុរជនអូទ្រីស ដែលដឹកនាំដោយ លោក Guamur Sucmer ទីប្រឹក្សាសហគមន៍នៃស្ថានទូតអូទ្រីស បានពិភាក្សាផ្តោតសំខាន់លើការពិភាក្សាអំពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍថាមពលកម្ពុជា និងចំណាប់អារម្មណ៍របស់ភាគីអូទ្រីស លើការវិនិយោគនិងផ្គត់ផ្គង់គ្រឿងបរិក្ខារបច្ចេកទេស និងបច្ចេកវិទ្យាសម្រាប់បម្រើឱ្យការអភិវឌ្ឍ ក្នុងស្ថានីយ៍វារីអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និងការគ្រប់គ្រងថាមពលជាដើម។
ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពល ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការរៀបចំផែនការមេអភិវឌ្ឍថាមពលថ្មីរបស់កម្ពុជាឆ្នាំ២០២១-២០៤០ ដែលនឹងអនុម័តជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជានាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តមថា ផែនការមេថ្មីនេះមិនត្រឹមតែមានគោលដៅធ្វើយ៉ាងណាឲ្យប្រភពអគ្គិសនីមានគ្រប់គ្រាន់ មានស្ថិរភាព មានសន្តិសុខថាមពល និងមានថ្លៃកាន់តែប្រសើរប៉ុណ្ណោះទេ យើងក៏បានបង្កើនចំណែកប្រភពថាមពលដែលស្អាតឲ្យបានអតិបរិមា តាមដែលអាចធ្វើទៅបានផងដែរ។
គួរបញ្ជាក់ថា ទាក់ទិននឹងវិស័យថាមពលនេះដែរ ក្នុងកិច្ចពិភាក្សារវាងសភាអាមេរិក ជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ សភាអាមេរិក ក៏បានបង្ហាញបំណងចង់ពាណិជ្ជកម្ម និងវិនិយោគផ្ដោតលើវិស័យឧស្សាហកម្មថាមពល ដូចជា៖ ធ្យូងថ្ម ប្រេង និងឧស្ម័ន សំដៅចង់រឹតចំណងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជាបន្ថែមទៀតផងដែរ៕