រាជរដ្ឋាភិបាល គ្រោងនឹងចាប់ផ្តើមបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំ ២០២២ នេះ ដើម្បីបង្កើតនូវប្រភពហិរញ្ញប្បទានមួយថ្មី សម្រាប់ការកៀរគរទុនរបស់រដ្ឋ ក៏ដូចជាដើម្បី បង្កើតឧបករណ៍ហិរញ្ញវត្ថុថ្មី សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ ជាពិសេស វិនិយោគិនស្ថាប័នដូចជា ធនាគារក្រុមហ៊ុនធានារ៉ាប់រងមូលនិធិសោធនិវត្តន៍, មូលនិធិ សន្តិសុខសង្គម ជាដើម ។ នេះបើតាមការលើកឡើង របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្លែងក្នុង សន្និសីទជាតិស្ដីពីទីផ្សារមូលបតកម្ពុជា «មួយទសវត្យរ៍នការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និង ដំណើរឆ្ពោះទៅមុខ» នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ឧបករណ៍ហិរញ្ញវត្ថុថ្មី រំពឹងថានឹងទទួលបានការពេញនិយម សម្រាប់ការជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា និង ផ្ដល់នូវទិន្នន័យ Benchmark សម្រាប់ ការជួញដូរមូលបត្រសាជីវកម្ម និង ការវិភាគហិរញ្ញវត្ថុនានា ដូចត្រូវបានអនុវត្តនៅក្នុង ប្រទេសដែលមានវិស័យមូលបត្ររីកចម្រើន ។
ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏រំលេចផងដែរថា តាមទ្រឹស្តីសេដ្ឋកិច្ច វិស័យមូលបត្រអាចចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការកៀរគរ និង បែងចែកមូលធន ពីភ្នាក់ងារសេដ្ឋកិច្ចដែលមានសមត្ថភាពហិរញ្ញប្បទាន ជូនទៅភ្នាក់ងារ សេដ្ឋកិច្ច ដែលមានតម្រូវការហិរញ្ញប្បទាន ។ វិស័យមូលបត្រដែលរីកចម្រើន នឹងផ្តល់ នូវប្រភពទុនមួយដែលមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មជាទូទៅ ហើយបង្កើត ឡើងនូវប្រភពចំណូលមួយ សម្រាប់បុគ្គល និង តួអង្គសេដ្ឋកិច្ចផ្សេងទៀត ដែលអាច ធ្វើពិពិធកម្មខ្ទង់វិនិយោគរបស់ខ្លួនបានកាន់តែប្រសើរ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា គ្រោងគោលដៅបោះផ្សាយមូលបត្ររដ្ឋជាលើកដំបូងក្នុងរង្វង់ទឹកប្រាក់ចំនួន៣០០លានដុល្លារ ដើម្បីប្រមូលប្រភពទុនហិរញ្ញវត្ថុសម្រាប់បំពេញបន្ថែមនូវគម្រោងចំណាយថវិកាជាតិឆ្នាំ២០២២ ។ ក្នុងនោះ ផ្សារមូលបត្រកម្ពុជាក៏រំពឹងថា ការបោះផ្សាយមូលបត្ររដ្ឋនេះ នឹងមានការចូលរួមពីអ្នកវិនិយោគិនស្ថាប័ន មានដូចជាធនាគារ ក្រុមហ៊ុនធានារ៉ាប់រង មូលនិធិសោធននិវត្តន៍ រឺសន្តិសុខសង្គមជាដើម៕