រដ្ឋាភិបាល ​ប្រកាស​ប្រើប្រាស់​ថវិកា​ជាតិ សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូវីដ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​នៅ​ព្រឹកនេះ រដ្ឋាភិបាល​នឹង​ប្រើប្រាស់​ថវិកា​ជាតិ​ដើម្បី​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​កូវីដ ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​លើក​ឡើង​ស្រប​ពេល​កន្លង​ទៅ ​រដ្ឋាភិបាល​បាន​ផ្តល់​អាជ្ញាបណ្ណ​ដល់​ផ្នែក​ឯកជន បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​ហាក់​មាន​ភាព​យឺតយ៉ាវ។

សម្តេច​តេជោ ហ៊ុន សែន​បាន​បញ្ជាក់​ថា មក​ដល់​ម៉ោង​នេះ​ជា​ច្រើន​ខែ​ដូច​គ្មាន​ព័ត៌មាន​ពី​រោងចក្រ​នេះសោះ រហូត​ដល់​ខាង​មិត្ត​ចិន​បាន​សាកសួរ​ត្រឡប់​មក​វិញ​ដោយសារ​មាន​ភាព​យឺតយ៉ាវ​ពេក។

សម្តេច​បន្ត​ថា ឥលូវ​នេះ​រដ្ឋាភិបាល​នឹង​ចេញ​មុខ​ដោយ​ប្រើប្រាស់​ថវិកា​ជាតិ​ពី​ក្រសួង​សេដ្ឋកិច្ច​យក​ទៅ​បង្កើតរោងចក្រ​ផលិត​វ៉ាក់សាំង​កូវីដ​នេះ។

បើ​តាមប្រមុខ​រដ្ឋាភិបាល​ រោងចក្រ​ផលិត​វ៉ាក់សាំង​នេះ​មិន​ត្រឹម​តែ​សម្រាប់​ផលិត​វ៉ាក់សាំង​កូវីដ អនាគត​អាច​នឹង​ប្រើប្រាស់​ផលិត​វ៉ាក់សាំង​ដទៃ​ទៀត។

ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ ១១ ក្នុង​ខេត្តព្រៃវែង​កន្លង​មក​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​​ថា កម្ពុជា​នឹង​បើក​រោងចក្រ​ផលិត​វ៉ាក់សាំង​ក្នុង​ស្រុក​នា​ឆ្នាំ​២០២២ ក្រោយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ទទួល​បាន​សិទ្ធិ​ផលិត​វ៉ាក់សាំង​បន្ត​ពី​ប្រទេស​ចិន។

សម្តេច​តេជោ ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់ចិន​បាន​គាំទ្រ និង​យល់ព្រម​ផ្តល់​សិទ្ធិ​ឱ្យកម្ពុជា​លទ្ធភាព​សាងសង់​រោងចក្រផលិតវ៉ាក់សាំងក្នុងប្រទេស ខណៈ​ក្រុមហ៊ុន​ដែល​ទទួលសិទ្ធ​ផលិត​វ៉ាក់សាំង ក៏បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងរួច​ហើយ​ផងដែរ។

យ៉ាងណា​ថ្លែងជាថ្មី​នៅ​ព្រឹក​នេះ ភាព​យឺតយ៉ាវនេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ដក​អាជ្ញាប័ណ្ណ​មក​វិញ ហើយ​នឹង​ប្រើប្រាស់​ថវិកា​ជាតិ​បង្កើត​រោងចក្រ​នេះ​ផ្ទាល់​តែ​ម្តង ដែលនឹង​ផ្តល់លទ្ធភាព​ដល់​កម្ពុជា​អាច​​​​ផ្គត់ផ្គង់​​វ៉ាក់សាំង​​ដល់​ប្រជាពលរដ្ឋដោយ​ខ្លួន​ឯង​ផ្ទាល់​​៕