ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសឲ្យពិនិត្យឡើងវិញចំពោះមន្ទីរពេទ្យហ្លួងម៉ែ ដែលពេលនេះមិនមានអ្នកជំងឺកូវីដ-១៩ ដោយស្នើឲ្យបំពាក់ឧបរករណ៍មន្ទីរពេទ្យហ្លួងម៉ែ ឲ្យក្លាយជាមន្ទីពេទ្យឯកទេសមហារីកនៅកម្ពុជា។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌អន្តរជាតិជ្រោយចង្វា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីនោះ សម្តេច ហ៊ុន សែន បានប្រកាសឱ្យពិនិត្យឡើងវិញចំពោះមន្ទីរពេទ្យហ្លួងម៉ែ ដែលពេលនេះមិនមានអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលទៀតនោះទេ ត្រូវប្រែក្លាយមន្ទីពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេស «ជំងឺមហារីក» ដើម្បីសម្រួលដល់ការព្យាបាលប្រជាពលរដ្ឋ កាត់បន្ថយការចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស។
សម្តេច បានលើកឡើងបន្តដូច្នេះថា «កន្លងមកមានប្រជាពលរដ្ឋដែលគាត់មានបញ្ហាមហារីក ហើយគាត់ធ្វើការព្យាបាលនៅឯកជន តែមិនបានជាសះស្បើយ ហើយពេលដែលបញ្ជូនទៅដល់មន្ទីពេទ្យកាលម៉ែតស្រាប់តែករណីធ្ងន់ធ្ងរទៅហើយ ហេតុនេះខ្ញុំសូមឲ្យពិនិត្យឡើងវិញ ធ្វើយ៉ាងណាបំពាក់ឧបករណ៍ព្យាបាលមហារីក ដើម្បីប្រែក្លាយមន្ទីពេទ្យពេទ្យហ្លួងម៉ែជាមន្ទីពេទ្យឯកទេសមហារីកដ៏ធំប្រចាំកម្ពុជាយើង»។
គួរបញ្ជាក់ថា មន្ទីរពេទ្យហ្លួងម៉ែមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញត្រូវបានរៀបចំឱ្យក្លាយជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩។ មន្ទីរពេទ្យនេះមានផ្ទៃដីទំហំ ១ ហិកតា និង ៥០ អាដែលមានអគារទំហំ ២៥ ០០០ ម៉ែត្រការ៉េ កម្ពស់ ៥ ជាន់មានប្រព័ន្ធទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសូទ្បា (solar) និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។
មន្ទីរពេទ្យនេះដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០ គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន ៨០ គ្រែ និងផ្នែកជំងឺធម្មតាបាន ៤២០ គ្រែ៕