រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងថា បើទោះវិបត្តិជំងឺកូវីដ១៩ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីនេះ ធ្វើឱ្យវិស័យថាមពលមានការខ្វះខាតដោយសារប្រេងឡើងថ្លែ ធ្យូងថ្មឡើងថ្លៃ ការណ៍នេះហើយបានធ្វើឱ្យអគ្គិសនីដើរដោយធ្យូងថ្ម និងប្រេងក៏កំពុងតែឡើងថ្លៃ ប៉ុន្តែសម្រាប់កម្ពុជា គឺមិនបានឡើងថ្លៃ ឬក៏បញ្ចុះតម្លៃទេ ដោយស្នើ សុំរាជរដ្ឋាភិបាលឱ្យនៅតម្លៃដដែល។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងបែបនេះធ្វើឡើងនៅក្នុងពិធីប្រកាស លោក ឡេង លាត ជាប្រធានមន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ។
លោក ស៊ុយ សែម ថ្លែងថា ពីវិបត្តិជំងឺកូវីដ១៩ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីនេះ ដែលធ្វើឱ្យវិស័យថាមពលមានការខ្វះខាតដោយសារប្រេងឡើងថ្លែ ធ្យូងថ្មឡើងថ្លៃ ដូចនេះ ហើយបានធ្វើឱ្យអគ្គិសនីដើរដោយធ្យូងថ្ម និងប្រេងក៏កំពុងតែឡើងថ្លៃ។ ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជា គឺមិនបានឡើងថ្លៃ ឬក៏បញ្ចុះតម្លៃទេ ដោយស្នើ សុំរាជរដ្ឋាភិបាលឱ្យនៅតម្លៃដដែល ដោយសារប្រភពអគ្គិសនីដែលកំពុងផ្គត់ផ្គង់នៅក្នុង ប្រទេសកម្ពុជាភាគច្រើន ជាប្រភពដែលប្រើវារីអគ្គិសនី ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា យើងមានវារីអគ្គិសនីចំនួន៧កន្លែងកំពុងតែដំណើរការទាំងអស់ ហើយសម្រាប់ប្រភព ដែលទិញមកពីក្រៅក៏ជាភាគច្រើនប្រើវារីអគ្គិសនីដែរ។
លោកថា បច្ចុប្បន្ននេះ ការអភិវឌ្ឍវិស័យអគ្គិសនីកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយភូមិនៅទូទាំងប្រទេស យើងបានអូសខ្សែបណ្តាញអគ្គិសនី សម្រេចបានទៅដល់៩៨ភាគរយហើយ។ នៅសល់២ភាគរយ ហើយ២ភាគរយនេះមិនមែន យើងមិនបានធ្វើនោះទេ តែគឺជាភូមិដែលនៅដាច់ស្រយាល នៅក្នុងព្រៃអត់ទាន់មានផ្លូវចូល នៅលើកោះជាដើម។ ប៉ុន្តែ រដ្ឋាភិបាលក៏បានរកវិធីសាស្រ្តដើម្បីឱ្យពួកគាត់បានភ្លើងប្រើប្រាស់ ដែរ ដូចជាការរៀបចំដំឡើងផ្ទាំងប្រើពន្លឺព្រះអាទិត្យជាដើម។
លោកបន្ថែមថា សម្រាប់ភូមិទាំងអស់នៅទូទាំងប្រទេសដែលមានបណ្តាញ អគ្គិសនីទៅដល់ គឺមានផ្ទះប្រជាពលរដ្ឋចំនួនជាង២លានផ្ទះបានភ្ជាប់ភ្លើងប្រើប្រាស់ស្មើ៨៤ ភាគរយ។ គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យថាមពល គឺធ្វើយ៉ាងណា រកប្រភពថាមពលផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់មានស្ថេរភាព មានចីរភាព និងថ្លៃសមរម្យ។
ថ្លែងក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរថ្មីនេះ លោក ស៊ុយ សែម ក៏បានជំរុញឱ្យប្រធានមន្ទីរដែលទើបតែងតាំងថ្មីត្រូវទប់ស្កាត់ និងលុបបំបាត់អាជីវកម្មធនធានរ៉ែឱ្យខានតែបាន ចំពោះអាជីវកម្មដ្ឋានណាដែលគ្មាន អាជ្ញាប័ណ្ណ។ ត្រូវបន្តសហការជាមួយក្រុមការងារចម្រុះ ដែលដឹកនាំដោយរដ្ឋបាលខេត្ត ក្នុងការងារចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និង ឧស្ម័នឥន្ធនៈ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ត្រូវផ្តល់សេវាសាធារណៈឱ្យមានគុណភាព ប្រសិទ្ធភាព អាចជឿទុកចិត្តបានហើយអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ៕