ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ លោកAnatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា នៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានធ្វើការកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយជោគជ័យ រហូតមានការបើកសេដ្ឋកិច្ច-សង្គមទ្បើងវិញលើគ្រប់វិស័យ និងបានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-រុស្សី ដែលបានអនុវត្តកន្លងមក។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងកងទ័ពជើងគោកឱ្យកាន់តែសកម្មនិងរឹងមាំ។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងលើកឡើងអំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពរួមគ្នាជាច្រើនក្នុងកម្រិតកងទ័ពជើងគោកដូចជា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សជាដើម ៕


