ដើម្បីធានាដល់យន្តការផ្ទៀងផ្ទាត់វិក្កយបត្រឱ្យកាន់តែច្បាស់លាស់ ក៏ដូចជាជួយសម្រួលដល់ការអនុវត្តការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធ អនឡាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានណែនាំការប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការ ។

អត្រាប្តូរប្រាក់ផ្លូវការដែលអគ្គនាយកដ្ឋានពន្ធដារ ណែនាំនោះរួមមាន៖ អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ អត្រាប្តូរប្រាក់ផ្លូវការសម្រាប់ពន្ធលើប្រាក់បៀវត្ស អត្រាប្តូរប្រាក់ផ្លូវការប្រចាំខែ និងអត្រាប្តូរប្រាក់ផ្លូវការប្រចាំឆ្នាំ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានកំណត់ថា នឹងចេញផ្សាយសេចក្តីជូនដំណឹងស្តីពីអត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ នៅលើគេហទំព័រ របស់អគ្គនាយកដ្ឋានពន្ធដារ https://www.tax.gov.kh ចាប់ពីខែមិថុនា ឆ្នាំ២០២២ តទៅ។ លិខិតបទដ្ឋានទាំងឡាយណា ដែលបានដាក់ឱ្យអនុវត្តទាក់ទិននឹងការប្រើប្រាស់អត្រាប្ដូរប្រាក់សម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវចាត់ទុក ជានិរាករណ៍។
អគ្គនាយកដ្ឋានពន្ធដារ ក៏សង្ឃឹមថា គ្រប់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ ដែលធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមាន ប្រសិទ្ធភាពខ្ពស់ ៕

