សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានិងនិយ័តករបរធនបាលកិច្ច បានឯកភាពរៀបចំក្រុមការងារ សម្រាប់យន្ដការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិស័យឯកជន និងស្ថាប័នរដ្ឋ ក្នុងការបន្ដលើកកម្ពស់ការអភិវឌ្ឍន៍វិស័យសំណង់ បុរី លំនៅឋាន និងខុនដូរ តាមរយៈវិស័យបរធនបាលកិច្ច។ ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ដោយមានលោក ហ៊ុយ វណ្ណា អគ្គលេខាធិការ តំណាងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ) នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ។
កិច្ចប្រជុំនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដោយមានក្រុមហ៊ុនអភិវឌ្ឍលំនៅឋានជាសមាជិក-សមាជិការបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាជាង ៤០ ក្រុមហ៊ុន និងមន្ដ្រីបច្ចេកទេស សហការី របស់និយ័តករបរធនបាលកិច្ច(ន.ប.ធ) ផងដែរ។
បើតាមសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអោយដឹងថា ក្រៅពីបង្ហាញពីតួនាទីរបស់និយ័តករបរធនបាលកិច្ច (ន.ប.ធ) កិច្ចប្រជុំក៏បានសម្រេច ឲ្យអ្នកវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យយល់ច្បាស់ពី «បរធនបាលកិច្ច» និងពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរវាងនិយ័តករបរធនបាលកិច្ច (ន.ប.ធ) និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា (ស.អ.ល.ក)ជាដើម។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាស្វែងយល់បន្ថែមពីដំណើរការអនុវត្តរបស់វិស័យបរធនបាលកិច្ច ដើម្បីទាញរកផលចំណេញដល់ដំណើរការអភិវឌ្ឍន៍វិស័យសំណង់ បុរី លំនៅឋាន និងខុនដូរកាន់តែមានកំណើនបន្ថែមទៀតផងដែរ៕