ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យប្រធានាធិបតីឥណ្ឌា ជួយពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងស្នើឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកភ្នំពេញ និងពីឥណ្ឌាមកខេត្តសៀមរាប។ ការស្នើនេះបានធ្វើឡើងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក ណារិនដ្រា ម៉ូឌី ប្រធានាធិបតីឥណ្ឌា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ តាមរយៈប្រពន្ធ័អនឡាញ។
សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រទេសឥណ្ឌា ឲ្យជំរុញនូវការបញ្ចប់នីតិវិធីបច្ចេកទេសឲ្យបានឆាប់ ដើម្បីពន្លឿនលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា និងពន្លឿនទៅលើការចរចា ដើម្បីបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឲ្យបានឆាប់ផងដែរ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើង អំពីវិស័យទេសចរណ៍ដែលសម្ដេចបានស្នើសុំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកភ្នំពេញ និងពីឥណ្ឌាមកខេត្តសៀមរាប ក្នុងការជំរុញធ្វើយ៉ាងណាឱ្យទេសចរណ៍មានការកើនឡើងរវាងប្រទេសទាំងពីរ ហើយជាពិសេសទៀត ដោយសារកម្ពុជា ឥឡូវនេះ បានបើកចំហសម្រាប់ទេសចរណ៍ដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះដោយពុំបានទាមទារឱ្យមានការធ្វើតេស្តPCR ឬធ្វើតេស្តរហ័សពេលមកដល់ជាដើម ដូច្នេះក្នុងន័យនេះ សម្តេចបានស្នើសុំឲ្យឥណ្ឌាជួយជំរុញការងារនេះ។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌា ថ្វីត្បិតមានការធ្លាក់ចុះនៅសម័យកាលកូវីដ-១៩ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ៣០០ លានដុល្លារ៕