លោក ហ៊ុន ម៉ាណែត គ្រោងនឹងទៅទស្សនកិច្ចនៅប្រ​ទេ​ស​ឥណ្ឌា ដើម្បីពង្រីក​ទំនាក់​ទំនង​ទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក គ្រោងនឹងទៅទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងឆ្នាំ២០២២នេះ ដើម្បីពង្រីកពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងឥណ្ឌា។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោក ណារិនដ្រា​ ម៉ូឌី​ (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ បានគូសបញ្ជាក់ថា ការធ្វើទស្សនកិច្ចទៅប្រទេសឥណ្ឌា ដើម្បីចូលរួមពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងការប្រារព្ធខួបទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

គួររម្លឹកថា លោក ហ៊ុន ម៉ាណែត គឺមានឋានៈជាឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយកាន់តំណែងជាអគ្គមេបញ្ជាការ​រងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី។

ក្នុងគណបក្ស លោកគឺជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានយុវជនថ្នាក់កណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។ លោកក៏ជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតជាផ្លូវការ តាមរយៈការអនុម័តយល់ព្រមដោយការលើកដៃ ពីអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១​ផងដែរ។

គិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៧០ឆ្នាំហើយនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា ដែលចាប់ផ្ដើមតាំងពីឆ្នាំ១៩៨១មកម្លេះ។ ដើម្បីប្រារព្ធខួបបនៃទំនាក់ទំនងការទូតនេះ ប្រទេសទាំងពីរនឹងត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៧០ឆ្នាំនេះផងដែរ ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ សម្ដេចតេជោ ក៏បានអរគុណប្រទេសឥណ្ឌា ដែលបានផ្ដល់វ៉ាក់សាំងដល់កម្ពុជាដែលបានទទួលកាល​ពីនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ចំនួន៣២ ម៉ឺន៥០០០ដូស។

សម្ដេចតេជោ ក៏បានបញ្ជាក់ដែរថា នេះគឺជាវ៉ាក់សាំងដែលឆ្លុះបញ្ចាំងពីអ្វីដែលឥណ្ឌាចូលរួមនៅក្នុងសាមគ្គីភាព ហើយធ្វើឲ្យកម្ពុជាទទួលបានជោគជ័យ ហើយនៅពេលនេះ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៩៣,៦ ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដូច្នេះដោយសារការចូលរួមចំណែករបស់ប្រទេសឥណ្ឌានេះ ធ្វើឲ្យប្រទេស​កម្ពុជា បានបើកប្រទេសឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១៕