នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២នេះ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងសិស្សានុសិស្ស ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកមួយថ្ងៃ ដើម្បីចូលរួមអបអរសាទរដល់ពិធីបុណ្យជាតិគឺ “ព្រះរាជពិធីច្រត់ព្រះនង្គ័ល” ដែលមានក្នុងប្រវត្តិសាស្ត្រខ្មែរជាយូរមកហើយ។ តើបុណ្យច្រត់ព្រះនង្គ័ល មានប្រវត្តិបែបណា?

បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីប្រវត្តិខ្លីមួយទាក់ទងនឹងបុណ្យច្រត់ព្រះនង្គ័លនេះ។ ឯកឧត្តមបានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា “បុណ្យច្រត់ព្រះនង្គ័លនេះ ចាប់ផ្ដើមមានប្រសិទ្ធភាពនៅក្រោយខ្មែរបែកបាក់សម័យអង្គរ។ ខ្មែរតែងតែច្បាំងសាច់ញាតិ បងប្អូន ជាតិសាសន៍ខ្មែរឯង ហើយតែងតែតាំងខ្លួនជាវីរជន។ ពេលច្បាំងគ្នា ពេលណាដល់រដូវវស្សាគេបានបង្កើតបុណ្យនេះ គេសន្មត់ឈ្មោះហៅថា “បុណ្យច្រត់ព្រះនង្គ័ល” ដើម្បីឱ្យកសិករធ្វើស្រែ ព្រោះគេបានប្រកាន់ពាក្យថា “ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ” ។ បើអត់មានស្បៀងអាហារ មិនអាចបន្តច្បាំងគ្នាបានទេ។ ដូច្នេះ គេបង្ហាញអំពីបុណ្យច្រត់ព្រះនង្គ័លនេះក្នុងទិសដៅ “ឈប់ច្បាំងគ្នា ទុកពេលវេលាឱ្យកសិករធ្វើស្រែ”។ ចូរអានប្រវត្តិសាស្ត្រ។ នេះគ្រាន់ជាគំនិតមួយជ្រុងរបស់ខ្ញុំបាទ ពីការអានប្រវត្តិសាស្ត្រខ្មែរប៉ុណ្ណោះ”៕

