បច្ចុប្បន្នក្លិបបាល់ទាត់នៅកម្ពុជា មានប្រធានក្លិបជាស្ត្រីតែ២នាក់ប៉ុណ្ណោះគឺ៖ ទី១ លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត និង ទី២ លោកជំទាវ កែ សួនសុភី ប្រធានក្លិបវិសាខា។ ចង់ដឹងថា តើប្រវត្តិស្ត្រី២រូបនេះយ៉ាងណា សូមតាមដានដូចខាងក្រោម៖
១. លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត

លោកស្រី ពុធ ធីតា បានឡើងដឹកនាំក្លិបបឹងកេត កាលខែឧសភា ឆ្នាំ២០១៨ ជំនួសលោក ស៊ីវ ថា ដែលជាស្ថាបនិកក្លិប។ លោកស្រីពុំមែនមានធនធាន និងទ្រព្យធន់ច្រើនខ្លាំងនោះទេ ក្នុងការមកដឹកនាំក្លិបនៅលីគកំពូលមួយនេះ ប៉ុន្តែលោកស្រី មានទស្សនៈថាត្រូវដឹកនាំក្លិបជាមួយនឹងឆន្ទៈ និងធ្វើដោយបេះដូងពិតប្រាកដ។ ជាក់ស្តែង លោកស្រី ក៏ទទួលបានភាពជោគជ័យប្រាកដមែន ដោយក្រុមបឹងកេត បានឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ និងឈ្នះលីគកំពូលកម្ពុជា កាលឆ្នាំ២០២០។

ស្រ្តីដំបូង ដែលបានចូលខ្លួនមកដឹកនាំក្លិប នៅលីកកំពូលកម្ពុជា រូបនេះ ធ្លាប់បានបញ្ជាក់ថា ក្លិបបឹងកេត បានជួបការលំបាកខ្លាំងមែនទែន ដែលមានពេលខ្លះស៊ូទ្រាំ «ស៊ីអំបុកស៊ីអំបិល» ជាមួយគ្នា។ លោកស្រី ពុធ ធីតា ដែលបច្ចុប្បន្នជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាអ្នកជំនួញម្នាក់ និងមានស្វាមីជាជនជាតិថៃឈ្មោះ វ៉ាសូណាន់ រ៉ាត់ឆាគីត និងកូនប្រុសម្នាក់ឈ្មោះ Dome Kasidej ជាយុវជនថ្នាល់មកពីសាលាបាល់ទាត់ជាតិបាទីផងដែរ។
២. លោកជំទាវ កែ សួនសុភី ប្រធានក្លិបវិសាខា

លោកជំទាវ កែ សួនសុភី ជាភរិយាឯកឧត្តម ស សុខា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ លោកជំទាវបានឡើងដឹកនាំក្លិបវិសាខានេះ កាលចុងឆ្នាំ២០១៨ ជំនួសស្វាមី ដែលកាន់តែមមាញឹកក្នុងកិច្ចការងាររដ្ឋ។ ក្រោមការគ្រប់គ្រងរបស់លោកជំទាវ ក្លិបវិសាខា ដែលមានមូលដ្ឋាននៅកីឡដ្ឋានព្រីនស៍ បានឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២លើកជាប់ៗគ្នា គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ថ្មីៗកន្លងទៅនេះ។

លោកជំទាវ កែ សួនសុភី តែងតែទទួលបានភាពស្ញប់ស្ញែងពីមហាជន ជាពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ដែលជានិច្ចកាលលោកស្រី តែងតែរួមចំណែកជួយលើកស្ទួយនិងអភិវឌ្ឍវិស័យកីឡាបាល់ទាត់ និងបានចូលរួមកិច្ចការសង្គម និងមនុស្សធម៌ជាច្រើនផងដែរ៕
