ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC សម្រេចចុះបញ្ជីដល់ក្រុមហ៊ុនចំនួន២ ក្នុងទំហំទុនវិនិយោគប្រមាណ ៦.១លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានប្រមាណជាង ១,៣៩៩កន្លែង នៅខេត្តចំនួន ២គឺ តាកែវ និងកំពង់ស្ពឺ។ ការចុះបញ្ជីបន្ថែមនានេះ ស្របពេលដែលប្រទេសកម្ពុជា កំពុងស្វាគមន៍គម្រោងរោងចក្រកាត់ដេរ និងវិស័យផ្សេងទៀតជាបន្តបន្ទាប់ បើទោះបីវិបត្តិកូវីដ-១៩ មិនទាន់បញ្ចប់ទាំងស្រុងដោយក៏ចុះ។

បើតាមតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនចំនួន ២ ដែលសុំចុះបញ្ជីវិនិយោគនោះរួមមាន៖ ក្រុមហ៊ុន SANJIN (CAMBODIA) KNITTING TECHNOLOGY CO., LTD ជាគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ស្ថិតនៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាមួយនឹងទុនវិនិយោគប្រមាណ ៣,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.២០៩កន្លែង។

ចំណែកឯក្រុមហ៊ុនក្រុមហ៊ុន HAO TIAN MAKE CLOTHES ASSIST MATERIAL CO., LTD ក៏បានវិនិយោគលើរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងខារអំបោះផងដែរ មានទីតាំងនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩០កន្លែង។
គួររម្លឹកថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីជូនក្រុមហ៊ុនវិនិយោគជាបន្តបន្ទាប់ប្រមាណជាង ៣៧គម្រោង និងមានទឹកប្រាក់សរុបជាង ២,៣៨ពាន់លានដុល្លារអាមេរិក ត្រឹមដើមឆ្នាំ២០២២។ ចំពោះគម្រោងវិនិយោគដែលបានអនុម័ត រយៈពេល ២ខែ គឺខែមករា និងខែកុម្ភៈភាគច្រើន គឺជាគម្រោងរោងចក្រ ឧស្សាហកម្ម។ ការកើនឡើងចំនួនវិនិយោគលើផ្នែកនេះ ជាហេតុនាំឲ្យតម្រូវការដីធ្លីសម្រាប់សង់រោងចក្រ ឃ្លាំងស្តុកមានកំណើនខ្ពស់៕