កម្ពុជា បាននឹងកំពុងអភិវឌ្ឍវិស័យអគ្គិសនីគួរឲ្យកត់សម្គាល់ ដែលក្នុងនោះមានភូមិចំនួន ៩៨% ហើយដែលទទួលបានការតភ្ជាប់ខ្សែបណ្ដាញប្រើប្រាស់អគ្គិសនីគ្រប់គ្រាន់។ ចំណែកភូមិនៅសល់២%ទៀត គឺជាភូមិដែលដាច់ស្រយ៉ាល មិនទាន់មានផ្លូវចូលសម្រាប់ទៅតភ្ជាប់ឬជាភូមិដែលនៅលើដីកោះ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា សម្រាប់ភូមិទាំងអស់នៅទូទាំងប្រទេសដែលមានបណ្តាញ អគ្គិសនីទៅដល់ គឺមានផ្ទះប្រជាពលរដ្ឋចំនួនជាង២លានផ្ទះបានភ្ជាប់ភ្លើងប្រើប្រាស់ស្មើ៨៤%។ គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យថាមពល គឺធ្វើយ៉ាងណា រកប្រភពថាមពលផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់មានស្ថេរភាព មានចីរភាព និងថ្លៃសមរម្យ។
រដ្ឋមន្រ្តីរ៉ែ និងឋាមពលរូបនេះ បានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្នកម្ពុជាមានទីតាំងវារីអគ្គិសនីធំៗចំនួន ៧ ដែលកំពុងផ្គត់ផ្គត់ប្រើប្រាស់នៅទូទាំងប្រទេស រួមមាន៖
១. វារីអគ្គិសនី គីរីរម្យ១ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានសម្ថតភាពផលិត ថាមពលក្នុងអានុភាព ១២ មេហ្គាវ៉ាត់បានដាក់សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០០២
២. វារីអគ្គិសនីកំចាយ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត មានសម្ថតភាពផលិត ថាមពលក្នុងអានុភាព ១៩៤ មេហ្គាវ៉ាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១១
៣. វារីអគ្គិសនី គីរីរម្យ៣ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុងមានសម្ថតភាពផលិតថាមពលក្នុងអានុភាព ១៨ មេហ្គាវ៉ាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ ២០១៣
៤. វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង មានសមត្ថភាពផលិត ថាមពលក្នុងអានុភាព ៣៣៨ មេហ្គាវ៉ាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១៥
៥. វារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានសម្ថតភាពផលិតថាមពលក្នុងអានុភាព ១២០ មេហ្គាវ៉ាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៤
៦. វារីអគ្គិសនីស្ទឹងតាតៃ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង មានសម្ថតភាព ផលិតថាមពលក្នុងអានុភាព ២៤៦ មេហ្គាវ៉ាត់ នឹងបានដាក់សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១៥
៧. វារីអគ្គិសនីសេសានក្រោម២ ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង មានសម្ថតភាពផលិត ថាមពលក្នុងអានុភាព ៤០០ មេហ្គាវ៉ាត់ នឹងបានដាក់សម្ពោធឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ហេង គន្ធលាង បានឲ្យដឹងផងដែរថា សម្រាប់ឆ្នាំ២០២២នេះមិនមានក្រុមហ៊ុនវិនិយោគថ្មីស្នើសុំសាងសង់ទំនប់វារីអគ្គិសនីនោះទេ ពោលគឺមានគម្រោងចាស់ចំនួនពីរកំពុងដំណើរការសាងសង់រួមមាន ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ដែលមានអនុភាព៨០មេហ្គាវ៉ាត់នៅខេត្តពោធិសាត់ និងគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើនៅខេត្តកោះកុងដែលមានអានុភាព១៥០មេហ្កាវ៉ាត់៕