ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណដល់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ដែលបានបរិច្ចាគថវិកាចំនួន ៣៥០០០ ដុល្លារ សម្រាប់ការជួយកសាងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

អតីតអភិបាលរាជធានីភ្នំពេញ បានបង្ហោះសារលើបណ្តាញសង្គមហ្វេកប៊ុក នាល្ងាចថ្ងៃសុក្រនេះថា៖ “សូមថ្លែងអំណរគុណធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ធនាគារ ABA) ដែលបានបរិច្ចាគថវិកាចំនួន ៣៥០០០ ដុល្លារអាមេរិក សម្រាប់ចូលរួមចំណែកដល់ការសាងសង់អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ”។

គួរបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ នរ៉ានី ហ៊ុនសែន តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ ដែលមានតម្លៃរហូតដល់១.៤លានដុល្លារ បំពាក់ដោយបរិក្ខារទំនើប។ បច្ចុប្បន្នមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានវិវត្តខ្លួនពីមន្ទីរពេទ្យកម្រិត១ មកជាមន្ទីរពេទ្យកម្រិត២ ដែលមានសមត្ថភាព ផ្តល់សេវាវះកាត់បន្ទាន់ ជូនប្រជាជនស្រុកក្រូចឆ្មារ និងស្រុកជុំវិញផងដែរ៕
