ប្រទសកម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤នៃវេទិកាដឹកជញ្ជូនអន្តរជាតិITF (International Transport Forum)នៅទីក្រុងLeipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

ការដែលដាក់បញ្ចូលជាសមាជិកនេះ បន្ទាប់ពីរដ្ឋមន្រ្តីដឹកជញ្ជូនចំនួន៦៣ប្រទេសនៃវេទិកាដឹកជញ្ជូនអន្តរជាតិITF បានបោះឆ្នោតជាឯកឆន្ទដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤នៃITFនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងLeipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។

ថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំនាឱកាសនោះ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឡេង ធនយុទ្ធា បានសំដែងមោទនភាពយ៉ាងខ្លាំង ដែលកម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤នៃITF ជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅប្រទេសកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា ការចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិនេះ បានផ្តល់ឱកាសឱ្យប្រទេសកម្ពុជាទទួលបាន និងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់ ជាទុនដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនកម្ពុជា ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាប័ន។
លើសពីនេះ កម្ពុជានឹងទទួលបាន នូវការគាំទ្រពីប្រទេសជាសមាជិក និងលេខាធិការដ្ឋាននៃអង្គការវេទិកាដឹកជញ្ជូនអន្តរជាតិ ទាំងក្នុងក្របខណ្ឌបច្ចេកទេស និងក្របខណ្ឌគោលនយោបាយ ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។

ជាមួយគ្នានេះ លោក Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ បានថ្លែងថា កម្ពុជាជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអគ្នេយ៍ ដែលបានចូលជាសមាជិកវេទិកានេះ និងសូមស្វាគមន៍ប្រទេសកម្ពុជាជាសមាជិករបស់ITF ហើយសង្ឃឹមថាប្រទេសដ៏ទៃទៀតនៅក្នុងតំបន់អាស៊ីអគ្នេយ៍នឹងចូលរួមជាសមាជិកITFផងដែរ។

លោកសង្កត់ធ្ងន់ថា ITF បានត្រៀមខ្លួនជាស្រេចក្នុងការជួយប្រទេសកម្ពុជា ក្នុងការកសាងគោលនយោបាយដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីសម្រេចគោលដៅរបស់ខ្លួនដូចមានចែងនៅក្នុងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម៕