ផ្លូវយន្តហោះរត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានតភ្ជាប់ទាំងស្រុង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ។ បើតាមការចុះដោយសារព័ត៌មាន China News Service បានឱ្យដឹងថា ផ្លូវរត់ក្នុងតំបន់ហោះហើរក្នុងអាកាសយានដ្ឋានអន្តរជាតិនេះមានប្រវែង៣៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ។
អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ គ្រោងចំណាយទុន វិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់ សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករ ប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។
ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះគម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ដែលបានបន្តមានវឌ្ឍនភាព ទោះបីស្ថិតក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩។
អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខា ដោយសម្តេច និងប្រធានាធិបតីចិន ស៊ី ជីនពីង។
សម្តេចតេជោគូសបញ្ជាក់ថា ភាពចាំបាច់នៃការសាងសង់ អាកាសយានដ្ឋានថ្មីនេះ គឺដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំ បាននោះឡើយ។ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរនេះ នឹងអាចទទួលបានការហោះហើយ យន្តហោះគ្រប់កម្រិត។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត និងមានចម្ងាយ៥១គីឡូម៉ែត្រពីក្រុងសៀមរាប អាកាសយានដ្ឋាននេះគ្របដណ្តប់លើផ្ទៃដីចំនួន៧០០ហិកតា ជាមួយនឹងដីអភិវឌ្ឍអាជីវកម្មដែលនៅជុំវិញមានផ្ទៃដីចំនួន១០០០ហិកតា និងផ្លូវថ្នល់ប្រើប្រាស់ជាពិសេសនៅក្នុងអាកាសយានដ្ឋានដែលមានប្រវែង២៤.៥គីឡូម៉ែត្រផ្សេងទៀតត្រូវបានចាត់ទុកជាផ្នែកមួយនៃគម្រោងអាកាសយានដ្ឋានដែលអាចដំណើរការដោយឯករាជ្យ គ្រោងនឹងដាក់ឱ្យដំណើរការនៅខែតុលាឆ្នាំ២០២៣។
អាកាសយានដ្ឋានអន្តរជាតិនេះត្រូវបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលបានចុះបញ្ជីរួមគ្នាក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនចិនចំនួន៣គឺក្រុមហ៊ុនYunnan Investment Group, ក្រុមហ៊ុនYunnan Construction and Investment Group និងក្រុមហ៊ុនYunnan Airport Group៕