គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០២២នេះ កម្ពុជា បាននាំចូលដែក និងដែកថែប មានតម្លៃសរុប ១១៩,៧លានដុល្លារអាមេរិក កើនឡើង ១៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានតម្លៃត្រឹម ១០១លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករ កាលពីពេលថ្មីៗនេះ។

ទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងទៀតថា តម្លៃនៃការនាំចូលដែក និងដែកថែបនេះមានប្រមាណ ១,១៩២ភាគរយ នៃតម្លៃនាំចូលសរុបរបស់កម្ពុជា ក្នុងរយៈពេលបួនខែ ១០ ប៊ីលានដុល្លារ។ ក្នុងខែមេសា ឆ្នាំ២០២២ ការនាំចូលដែក និងដែកថែបចូលកម្ពុជា មានតម្លៃប្រមាណ ៣៥,៦លានដុល្លារ កើនឡើង ៨៣,៦ភាគរយ ធៀបនឹងខែមេសាឆ្នាំមុន។
បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ ២០២១ កម្ពុជាមានគម្រោងសាងសង់ថ្មីសរុបចំនួន ៤ ៣០៣ គម្រោង ត្រូវបានអនុម័តទូទាំងប្រទេស ជាមួយនឹងការវិនិយោគទុនចុះបញ្ជីសរុបចំនួន ៥,៣ ប៊ីលានដុល្លារ ធ្លាក់ចុះ ៣១ ភាគរយធៀបនឹងឆ្នាំ២០២០ និងផ្ទៃដីសរុប ១៣ លានម៉ែត្រការ៉េ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ស្តីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០» ធ្លាប់បានឲ្យដឹងថា វិស័យសំណង់នឹងនៅតែជាសសរស្តម្ភមួយនៃការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ធនាគារជាតិក៏ធ្លាប់បានបង្ហាញថា មានកតាលីករ២សំខាន់ ដែលជួយជម្រុញឲ្យវិស័យសំណង់ និងអចលនព្រទ្យឆ្នាំ២០២២ បន្តកើនឡើង គឺនិន្នាការកើនឡើងនៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួលបានការអនុម័ត ដែលធាតុចូលទាំងពីរនេះ គឺជាការឆ្លុះបញ្ចាំងវិស័យសំណង់ និងអចលនទ្រព្យបន្តកើនឡើង៕